(ភ្នំពេញ)៖ នៅសល់តែ១ខែទៀតប៉ុណ្ណោះ គឺជាខួបមួយឆ្នាំ នៃរាជរដ្ឋាភិបាលអាណត្តិទី៦ ដែលបង្កើតឡើងកាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ក្រោយការបោះឆ្នោតប្រកបដោយតម្លាភាព ត្រឹមត្រូវ និងយុត្តិធម៌ ហើយមានប្រជាពលរដ្ឋចេញទៅបោះឆ្នោត ជាង៨៣ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះបោះឆ្នោតសរុប។
គេសង្កេតឃើញថា ក្រោយការបោះឆ្នោតអាណត្តិទី៦ រាជរដ្ឋាភិបាលត្រូវបានបង្កើតឡើងយ៉ាងរលូន ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន បើទោះបីជាគ្មានអតីតគណបក្សសង្គ្រោះជាតិចូលរួមក៏ដោយនោះ។ ស្ថានភាពនេះ ហាក់ផ្ទុយស្រឡះពីស្ថានភាព ក្រោយការបោះឆ្នោត នៅឆ្នាំ២០១៣ ដែលមានអតីតបក្សប្រឆាំងមួយនេះចូលរួម។
បន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់ ហើយក្បាលម៉ាស៊ីនដឹកនាំនៅអាណត្តិថ្មី ត្រូវបានបង្កើតឡើងនោះ សមិទ្ធផលជាច្រើនផងដែរ បានលេចចេញរូបរាងជាបន្ដបន្ទាប់ ក្រោមម្លប់នៃសន្ដិភាព ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្រោយពីទទួលបានជ័យជម្នះយ៉ាងច្រើនលើសលប់ ក្នុងការបោះឆ្នោត។
ជាក់ស្ដែង នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយលោក ផៃ ស៊ីផាន បានរៀបចំសន្និសីទព័ត៌មាន ស្តីពីអំពី «សមិទ្ធផល១ឆ្នាំ ក្រោយការបោះឆ្នោត» ដោយមានការចូលរួមពី លោក ផៃ ស៊ីផាន និង លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ សន្និសីទនេះ គឺមានទិសដៅបង្ហាញជូនសាធារណជន នូវសមិទ្ធផល ដែលរាជរដ្ឋាភិបាលអាណត្តិទី៦ សម្រេចបានក្នុងរយៈពេល១ឆ្នាំកន្លងទៅនេះ។
តាមរយៈសន្និសីទនេះ លោក ផៃ ស៊ីផាន ក៏បានគូសបញ្ជាក់ថា ក្រោយការបោះឆ្នោតមួយឆ្នាំនេះ កម្ពុជាទទួលបានជោគជ័យយ៉ាងធំធេង ដោយរក្សាបានសន្ដិភាព រក្សាបាននូវស្ថេរភាពនយោបាយ និងរក្សាបាននូវកំណើនសេដ្ឋកិច្ច ជាក់ស្ដែងផលិតផលក្នុងស្រុកសរុប (GDP) មានកំណើនក្នុងរង្វង់៧ភាគរយ ក្នុងមួយឆ្នាំ ដែលចំនួននេះជាចំនួនមួយយ៉ាងល្អ។
លោក ផៃ ស៊ីផាន ក៏បានបង្ហាញអំពីកិច្ចការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលកើតចេញពីការបោះឆ្នោតផងដែរ រយៈពេល៦ខែនេះ ដោយសម្ដេចបានអញ្ជើញទៅបំពេញការងារនៅបរទេស ក៏ដូចជាការស្វែងរកដៃគូ ក្នុងការងារពាណិជ្ជកម្ម ចំនួន១៨លើក។ ក្នុងចំណោមការបំពេញទស្សនកិច្ច ទាំង១៨លើកនេះ សម្ដេចតេជោ ហ៊ុន សែន បានចូលរួមក្នុហវេទិកាធំៗ ដូចជា នៅអង្គការសហប្រជាជាតិជាដើម។
ដោយឡែក បើនិយាយអំពីការវិនិយោគវិញ នៅរយៈពេល៦ខែដំបូង ឆ្នាំ២០១៩នេះ កម្ពុជាអនុញ្ញាតឲ្យបង្កើតគម្រោងវិនិយោគថ្មីចំនួន១៥៣ ក្រោមទុនវិនិយោគ៥,១៨១លានដុល្លារអាមេរិក ដែលគម្រោងនេះបានបង្កើតការងារចំនួន ១៦៧,៣៣០កន្លែង។ បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៨ គឺមានចំនួន១០៥គម្រោង ក្នុងនោះគម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេសមាន៧៤គម្រោង និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ៣១គម្រោង។ ក្នុងឆមាសទី១ ឆ្នាំ២០១៨ ទឹកប្រាក់វិនិយោគសរុបមានជាង ៣,៥០០លានដុល្លារអាមេរិក។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានកែប្រែនូវប្រព័ន្ធពន្ធដារមួយ ដ៏ល្អប្រសើរសម្រាប់កម្ពុជា ខណៈដែលប្រវត្តិសាស្ដ្រកម្ពុជា មិនដែលមានប្រព័ន្ធពន្ធដារ ដូចពេលនេះនោះទេ ហើយអ្នកដែលមានកាតព្វកិច្ចបង់ពន្ធ បានចូលរួមបំពេញកាតព្វកិច្ចយ៉ាងល្អត្រឹមត្រូវ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
បើតាមលោក ផៃ ស៊ីផាន តាមរយៈការប្រមូលពន្ធនេះហើយ ដែលជាឱកាសធ្វើឲ្យរាជរដ្ឋាភិបាល បានសល់នូវប្រាក់បម្រុងមួយចំនួន ដើម្បីត្រៀមទុកប្រើប្រាស់នៅពេលមានអាសន្ន ឬការចាំបាច់ណាមួយ។ ថវិកាទាំងអស់នោះ អាចយកទៅប្រើប្រាស់ ដើម្បីបើកប្រាក់បៀវត្សដល់មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ យ៉ាងហោចណាស់មួយឆ្នាំជាងផងដែរ។
បើយើងក្រឡេក ទៅមើលវិស័យទេសចរណ៍វិញ រយៈពេល៧ខែ ដើមឆ្នាំ២០១៩នេះ មានភ្ញៀវទេសចរបរទេសជិត ១.៤លាននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងទទួលបានចំណូលជាង ៦២លានដុល្លារ។ ដោយឡែក បើគិតក្នុងរយៈពេលពេញ១ ខែកក្កដា ឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេស ជាង១៤ម៉ឺននាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងទទួលបានចំណូលជាង៦លានដុល្លារ។
តាមរយៈសមិទ្ធផលដែលបានជម្រាបជូនដោយសង្ខេប របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅព្រឹកមិញនេះ គេអាចវាយតម្លៃបានថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលកើតចេញពីការបោះឆ្នោតយ៉ាងត្រឹមត្រូវ និងតម្លាភាពនោះ បានបំពេញការងារយ៉ាងរលូន មិនមានអ្វីជាហេតុនាំឲ្យរាំងស្ទះនោះឡើយ៕