(កណ្តាល)៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល បានចោទប្រកាន់ឈ្មួញដីម្នាក់ថា បាននិងកំពុងបង្ខិតរបងរំលោភយកដីផ្លូវសាធារណៈ ខណៈបច្ចុប្បន្នដីកំពុងឡើងថ្លៃ។

តំណាងប្រជាពលរដ្ឋលោក វ៉ូង ឈឺម បានដាក់ការចោទប្រកាន់ទៅលើឈ្មួញដីក្នុងស្រុកលោក ពោច សល់ ថា បានបង្ខិតដាំបង្គោលរបងថ្មីចូលមកកាន់ដីផ្លូវសាធារណៈជាង ៥ម៉ែត្រ។ លោក វ៉ូង ឈឺម បានបន្តថា ដីផ្លូវនេះមានប្រវែងទទឹងពី៦ ទៅ៧ម៉ែត្រឯណោះ ហើយប្រជាពលរដ្ឋបានប្រើផ្លូវនេះតាំងពីឆ្នាំ១៩៩៦មកម្ល៉េះ។

ដោយឡែក ផ្លូវលំសម្រាប់ប្រជាពលរដ្ឋ ធ្វើដំណើរចូលទៅធ្វើស្រែចំការនេះ ត្រូវបានរួមបន្តិចម្តងៗ ដោយសារម្ចាស់ដីខ្លះជាប់ផ្លូវបានបង្ខិតរបងចូលដីផ្លូវ ហើយថ្មីៗនេះគឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ខាងលោក ពោច សល់ បានឲ្យជាងដាំបង្គោលរបងថ្មីចូលមកលើដីផ្លូវចេញពីរបងថ្មរបស់លោកដែលមានស្រាប់ ដោយសំអាងថា ដីនេះខ្លួនទិញពីគេបាន៥ម៉ែត្រ។
លោក វ៉ូង ឈឺម បានបន្តទៀតថា ដីផ្លូវនេះជាដីរបស់រដ្ឋ មិនមានបុគ្គលឯកជនណាមានសិទ្ធិទិញលក់នោះទេ ហើយអ្វីដែលលោក និងប្រជាពលរដ្ឋ កំពុងទាមទារនេះ គឺចង់បានឲ្យផ្លូវនេះនៅធំដដែល ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋប្រើប្រាស់ទូទៅ។

មេឃុំព្រែកតាមាក់ លោក ឆាយ សឺន បានឲ្យដឹងថា ដីផ្លូវនេះខាងលោក ពោច សល់ ថា មានចំណែកដីរបស់ខ្លួនខ្លះព្រោះពេលលោក ពោច សល់ ធ្លាប់ចូលឡានដឹកដីផ្លូវចាស់តូចពេក ក៏បើកផ្លូវឲ្យធំ ដើម្បីស្រួលចេញចូលឡាន ព្រោះដីផ្លូវចាស់មានត្រឹមតែ៣ម៉ែត្រទេ។ លោកមេឃុំព្រែកតាមាក់ បានបន្តថា ចំពោះរឿងវិវាទដីផ្លូវសាធារណៈនេះ លោកកំពុងបន្តដោះស្រាយ។

ដោយឡែកចំពោះលោក ពោច សល់ ប្រភពពីប្រជាពលរដ្ឋ បានឲ្យដឹងថា លោក ពោច សល់ គឺជាឈ្មួញដីដ៏មានឥទ្ធិពលម្នាក់ក្នុងស្រុកខ្សាច់កណ្ដាល មិនបានជួបដោះស្រាយជាមួយ ប្រជាពលរដ្ឋនោះទេ ហើយនៅពេលនេះ ពុំទាន់មានការទាក់ទងបាននៅឡើយទេ៕