(ភ្នំពេញ)៖ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ បានប្រតិកម្មយ៉ាងខ្លាំង ដោយសម្តែងការសោកស្តាយ ទៅនឹងការប្រកាសរបស់ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស កាលពីម្សិលមិញ ពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអះអាងថា ក្រុមអ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ បានធ្វើការចោទប្រកាន់ម្តងហើយម្តងទៀតដោយគ្មានមូលដ្ឋាន និងផ្អែកលើព័ត៌មានតែមួយជ្រុងមកលើយន្តការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល ថាជាការរឹតត្បិតទៅលើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងការជួបប្រជុំដោយសន្តិវិធី ជាដើម។ល។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមធ្វើការបដិសេធយ៉ាងដាច់អហង្កាចំពោះការចោទប្រកាន់ ដោយគ្មានមូលដ្ឋានច្បាស់លាស់ប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជា ដោយផ្អែកលើព័ត៌មានមិនពិត លម្អៀង ក្រោមរបៀបវារៈនយោបាយ និងស្តង់ដារពីរ។ ដើម្បីកុំឱ្យសាធារណមតិមានការយល់ច្រឡំ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមធ្វើការបកស្រាយបំភ្លឺការពិតដូចមាននៅក្នុងលិខិតខាងក្រោមនេះ៕