(មណ្ឌលគិរី)៖ លោក ទៀង សុថា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តមណ្ឌលគិរី បានចេញដីកាបង្គាប់ឲ្យ លោក សាក់ សារុន អតីតមេបញ្ជាការកងរាជអាវុធហត្ថស្រុកែវសីមា ខេត្តមណ្ឌលគិរី ចូលខ្លួនបំភ្លឺនៅសាលាដំបូងខេត្ត នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ដើម្បីសាកសួរ ពាក់ព័ន្ធបទ «ប្រមូល និងដឹកជញ្ជូនផល អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ពីរដ្ឋបាលព្រៃឈើ» ដែលប្រព្រឹត្តនៅភូមិចក់ចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥។ នេះបើតាមដីកាបង្គាប់ឲ្យចូលខ្លួន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩នេះ។

ដីការបស់តុលាការបញ្ជាក់ថា ក្នុងករណីលោក សាក់ សារុន មិនព្រមចូលមកបង្ហាញខ្លួន តាមការកំណត់ខាងលើទេ តុលាការនឹងចេញដីកាបង្គាប់ឲ្យនាំខ្លួន។

សូមបញ្ជាក់ថា លោក សាក់ សារុន ត្រូវបានគេដឹងថា ជាបងប្រុសបង្កើតលោកឧត្តមសេនីយ៍ត្រី សាក់ សារាំង អតីតមេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរី ហើយបច្ចុប្បន្នជាមេបញ្ជាការអាវុធហត្ថ ខេត្តកំពង់ឆ្នាំង៕