(កំពង់ស្ពឺ)​៖​ បន្ទាប់ពីការផ្តល់អំណោយ​ជូនប្រជាពលរដ្ឋចំនួន​ ១,៣០៣គ្រួសារ​ នៅស្រុកថ្ពង​ និងស្រុកឱរ៉ាល់​ ក្នុងខែមិថុនា​-កក្កដា​នេះរួចមក​ នៅថ្ងៃសុក្រ​ ទី​២៦​ ខែកក្កដា​ ឆ្នាំ២០១៩​នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធាន​កាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ​ក្រុមការងារដឹកនាំដោយលោកស្រី ម៉ែន​ នារី​សោភ័គ​ អគ្គលេខាធិការរងទី​ ១​ កាកបាទក្រហមកម្ពុជា​ បន្តការងារចុះសួរសុខទុក្ខ​ និងផ្តល់អំណោយ​មនុស្សធម៌សម្រាលការ​លំបាក ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន​ ៥៥៥គ្រួសារទៀត​ រស់នៅ​ភូមិ​ចំនួន​ ៩២​ភូមិ​ ឃុំចំនួន​ ៨ឃុំ​ នៃស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។​

កម្មវិធីនេះបានប្រព្រឹត្តទៅនៅវត្តត្រពាំងក្រឡឹង​ ស្ថិតក្នុង​ភូមិក្រាំងខ្ជាយ​ ឃុំតាំងស្យា​ ស្រុកភ្នំស្រួច។

ក្នុងពិធីប្រគល់អំណោយជូនដល់ប្រជាពលរដ្ឋទាំងអស់​ ​លោកស្រីអគ្គលេខាធិការរងទី​ ១​ បានពាំនាំនូវប្រសាសន៍​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន ដែលបានផ្ដាំផ្ញើសួរសុខទុក្ខ​ ក្តីនឹករលឹក​ និងការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់។

ជាមួយគ្នានេះ​ លោកស្រី​ អគ្គលេខាធិការរងទី​១​ ក៏បានពាំនាំនូវសេចក្ដី​អំពាវនាវ​របស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ជូនដល់​ប្រជាពលរដ្ឋ​ទាំង​អស់​​ ត្រូវរស់នៅមានអនាម័យ​ ពិសា​ទឹកឆ្អិនដាំពុះ សម្អាតបរិស្ថាន​ លុបបំបាត់ជម្រកសត្វមូស​ គេងក្នុងមុងជានិច្ច​ និងចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺគ្រុនឈាម​ ដោយអនុវត្តនូវទិសស្លោក​ «បញ្ចប់ជំងឺគ្រុនឈាមកេីតឡេីងពីខ្ញុំ»​។

សូមគិតគូរពីការបរិភោគអាហារ​ ជៀសវាងជំងឺលេីសឈាម​ ទឹកនោមផ្អែម​ និងជំងឺរ៉ាំរៃផ្សេងៗ។ ចំពោះស្ត្រីមានផ្ទៃពោះ​ ត្រូវពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់​ និងទៅសម្រាលកូននៅមណ្ឌលសុខភាព​ដែលនៅជិតបំផុត។

សូមប្រជាពលរដ្ឋទាំងអស់​ គិតគូរពី​សុវត្ថិភាពរាល់ពេលធ្វេីដំណេីរ​ ជៀសវាងគ្រោះថ្នាក់​ចរាចរណ៍​ ដែល​ជាបញ្ហាអាទិភាពកេីតមានរាល់ថ្ងៃនេះ​ និងជៀសវាងការ​ប្រេីប្រាស់គ្រឿងញៀន​ គ្រឿងស្រវឹង​ និងល្បែងស៊ីសងគ្រប់ប្រភេទ​ ដែលជាប្រភពនៃអំពេីហិង្សា​ និងអសន្តិសុខសង្គម។

បន្ទាប់ពីបញ្ចប់កម្មវិធីខាងលេីនេះ​ ក្រុមការងារកាកបាទ​ក្រហមកម្ពុជា​ បានបន្តចុះសួរសុខទុក្ខដល់គេហដ្ឋាន​ និងផ្តល់អំណោយជូនដល់ចាស់ឥតទីពឹង​ចំនួន​ ៤គ្រួសារ​ ដែលរស់នៅក្នុងស្រុកភ្នំស្រួចនោះផងដែរ។

អំណោយដែលបានចែកជូនក្នុងគ្រួសារនីមួយៗរួមមាន ៖​ អង្ករ​ ៣០គីឡូក្រាម​ មី១កេស​ ត្រីខ​ ១០កំប៉ុង​ ឃីត១​ (មុង​ ភួយ​ សារុង​ ក្រមា​ អាវយឺត​)​ និងថវិកា​ចំនួន​ ២ម៉ឺនរៀល។ ប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តត្រពាំងក្រឡឹង​នូវទៀនព្រះវស្សា​ ១គូ​ អង្ករ​ ១២០គីឡូក្រាម​ មី​ ៥កេស​ ទឹកសុទ្ធ​ ២កេស​ ទឹកក្រូច​ ២កេស​ ត្រីខ​ ១០០កំប៉ុង​ និងបច្ច័យ​ ១លាន​រៀល។ ដោយឡែក​ សាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ស្ពឺ​ បានឧបត្ថម្ភក្នុងម្នាក់​ៗ​ នំប៉័ង​ ១ដេីម​ និងទឹកសុទ្ធ​ ១ដប៕