(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ចុះជួយមូលដ្ឋានខណ្ឌសែនសុខ អញ្ជើញចុះទៅពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅក្នុងសង្កាត់ឃ្មួញ រាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងថា «ដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់បងប្អូនប្រជាពលរដ្ឋយើង ជាពិសេស លោកតា លោកយាយ ចាស់ជារាស្ដ្រ ដែលពិបាកធ្វើដំណើរទៅព្យាបាល នៅមន្ទីរពេទ្យ ដូច្នេះហើយ នៅថ្ងៃនេះ ទើបក្រុមការងាររបស់យើង បានបន្ដដំណើរចុះមកពិនិត្យព្យាបាលជំងឺជូនពលរដ្ឋយយើងនៅទីនេះ ដោយឥតគិតថ្លៃ»

លើសពីនេះទៅទៀត ចុះមកអប់រំបងប្អូនប្រជាពលរដ្ឋយើង ពីការលុបបំបាត់ជម្រកដង្កូវទឹកមូសខ្លា គ្មានមូសខ្លា គ្មានជំងឺគ្រុនឈាម ព្រោះមូសខ្លា ជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមដ៏សាហាវ បើមិនមានការការពារ ព្យាបាលបានត្រឹមត្រូវ និងទាន់ពេលវេលា នឹងអាចសម្លាប់ជីវិតរបស់ប្រជាពលរដ្ឋយើង។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងបន្ដថា «ការចុះមកព្យាបាល និងអប់រំប្រជាពលរដ្ឋនេះ មន្ដ្រីសុខាភិបាលយើង តែងតែចុះមកជាប់ជានិច្ច ដើម្បីជួយលើកកម្ពស់សុខភាព និងសម្រួលការលំបាករបស់ប្រជាពលរដ្ឋយើង ជាពិសេសពលរដ្ឋក្រីក្រ យើងអាចជួយព្យាបាលដោយឥតគិតថ្លៃ ហើយបានចុះមកដល់ផ្ទះរបស់ពួកគាត់ ដើម្បីសួរសុខទុក្ខថែមទៀត ព្រោះបើមានការលំបាកអ្វីមួយនោះ យើងបន្ដជួយដល់គាត់ ដោយយើងមិនទុក្ខឱ្យពលរដ្ឋយើងណាម្នាក់ចោល ដោយមិនទទួលបានការព្យាបាលនោះទេ។ ជាងនេះទៅទៀត មន្ដ្រីសុខាភិបាលយើង ពិតជាសប្បាយរីករាយណាស់ ដែលឃើញបងប្អូនប្រជាពលរដ្ឋយើង មកទទួលសេវាព្យាបាលដោយភាពសប្បាយរីករាយ ជាមួយនិងសេវាព្យាបាលរបស់ពួកយើង»

ក្នុងឱកាសនោះផងដែរ លោកស្រី សុខ គឹមសួរ អាយុ៧០ឆ្នាំ ដែលមកទទួលសេវាព្យាបាលជំងឺភ្នែក និងក្រពះ បានលើកឡើងថា «ខ្ញុំមានចិត្ដរីករាយណាស់ បានរដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានចុះមកជួយប្រជាជនយើង ម្យ៉ាង ជាឱកាសសម្រាប់បងប្អូនយើងក្រីក្រ ហើយជំងឺច្រើនជាប់ខ្លួន បានមកពិនិត្យដោយឥតគិតថ្លៃ។ ដូច្នោះ ប្រជាជនយើង ចង់ឱ្យលោក បន្ដចុះមកព្យាបាលនៅក្នុងភូមិយើងបន្ដទៀតណាស់ បើបានអញ្ជើញមកញឹកញាប់ គឺកាន់តែល្អ និងកាន់តែសប្បាយចិត្ដ ព្រោះបានពិនិត្យសុខភាពទៀងទាត់ និងឆាប់ជាសះស្បើយ»

ទន្ទឹមនឹងនោះ ក្រៅពីការសម្ដែងការត្រេកអរ ប្រជាពលរដ្ឋប្រមាណ៥០០នាក់ ក៏បានថ្លែងអំណរគុណដល់រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង និងលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានយកចិត្ដទុក្ខដាក់ព្យាបាលជំងឺរបស់ពួកគាត់ផងដែរ ៕