(ភ្នំពេញ)៖ ការរឹតបន្តឹងទិដ្ឋាការទៅលើជនបរទេសរបស់កម្ពុជា ត្រូវបានវិទ្យុអាស៊ីសេរី ផ្សព្វផ្សាយបំផ្លើសខុសពីការពិត ដែលធ្វើឱ្យមហាជនទូទៅមានការភាន់ច្រឡំ។ នេះជាការអះអាងរបស់លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចពិភាក្សារវាង ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោកស្រី Maria Sargren ឯកអគ្គរដ្ឋទូតស៊ុយអ៊ែត ដែលចប់អាណត្តិ នៅទីស្តីការក្រសួងការបរទេស នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក កេត សោផាន់ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ក្រសួងការបទេសបានចេញសេចក្តីណែនាំ ទៅគ្រប់ស្ថានតំណាង របស់ខ្លួននៅក្រៅប្រទេសឱ្យរឹតបន្តឹងការផ្តល់ទិដ្ឋការ ប៉ុន្តែជាអកុសលមានព័ត៌មាន យើងហៅថាជាព័ត៌មានបំភ្លៃពីវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២០ (ខែកក្កដា) គាត់ចុះផ្សាយថា ក្រសួងការបរទេស បានណែនាំឱ្យស្ថានតំណាងទាំងអស់គឺមិនផ្តល់ទិដ្ឋាការ ឱ្យសមាជិកសភាអឺរ៉ុប ៦នាក់ អញ្ចឹងព័ត៌មាននេះ ជាព័ត៌មានបំភ្លៃ ការណែនាំដែលកម្ពុជាស្វាគមន៍គ្រប់ជនបរទេសទាំងអស់ដែលមកស្រុកខ្មែរ»

ការឆ្លើយតបភ្លាមៗរបស់ក្រសួងការបរទេសកម្ពុជា បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី ដែលមាននិន្នាការប្រឆាំងខ្លាំងក្លា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ បានចុះផ្សាយថា សម្តេចតេជោ ហ៊ុន សែន ជាអ្នកនៅពីក្រោយខ្នងនៃការដាក់មន្ត្រីអឺរ៉ុប៦នាក់ ក្នុងបញ្ជីខ្មៅ ដែលមិនផ្តល់ទិដ្ឋការ។

លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបន្តថា សម្រាប់ការចេញសេចក្តីណែនាំរបស់ក្រសួងទៅស្ថានតំណាងរបស់ខ្លួននៅតាមបណ្តាប្រទេសនានានោះ គឺកម្ពុជា មិនកំណត់មិនផ្តល់ ឬរឹតបន្តឹងវីសា «ទិដ្ឋាការ» ដល់បុគ្គលជនបរទេសណាម្នាក់នោះទេ ក៏ប៉ុន្តែវិទ្យុអាស៊ីសេរី បែរជាចុះផ្សាយព័ត៌មានបំផ្លើសខុសពីការពិតទាំងស្រុងទៅវិញ។

ទោះជាយ៉ាងនេះក្តី បើតាម លោក កេត សោផាន់, សម្រាប់ប្រទេសឯករាជ្យ អធិបតេយ្យ គឺមានសិទ្ធិបដិសេធ និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ ដើម្បីរឹតបន្តឹងទៅលើជនបរទេសណាម្នាក់ ឬក្រុមណាមួយ ដែលចូលមកក្នុងប្រទេសខ្លួន ដោយមូលហេតុអាចនឹងបង្កឱ្យមានផលប៉ះពាល់ ដល់សន្តិសុខ សណ្តាប់ធ្នាប់ របស់ប្រទេសខ្លួន៕