(រតនគិរី)៖ ផែនការយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤ សម្រាប់ឆ្នាំ២០១៩ ត្រូវបានអាជ្ញាធរខេត្តរតនគិរី ធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបដល់យុវជនសិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការគ្រប់ស្ថាប័ន ក្នុងខេត្តរតនគិរី។

ការផ្សព្វផ្សាយផែនការស្តីពី ការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤ ឆ្នាំ២០១៩នេះ ត្រូវបានគណៈកម្មាការត្រួតពិនិត្យគ្រឿងញៀនខេត្ត រៀបចំឡើងនៅសាលមហោស្រព សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពលោក ថង សាវុន អភិបាលខេត្តរតនគិរី និងមានការចូលរួមពីយុវជន សិស្សានុសិស្ស មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ និងប្រជាពលរដ្ឋប្រមាណជាង ៣០០នាក់។

ប្រធានលេខាដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាអភិបាលរងខេត្ត លោក លន់ សុភាព បានឲ្យដឹងថា ផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤នេះ ត្រូវបានរាជរដ្ឋាភិបាលដាក់ផែនការរយៈពេល១ឆ្នាំ គឺចាប់ពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។

លោកបានបញ្ជាក់ថា ដើម្បីចូលរួមអនុវត្តន៍ផែនការស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ ឲ្យមានប្រសិទ្ធភាព គណៈកម្មាការត្រួតពិនិត្យគ្រឿងញៀន ខេត្តរតនគិរី បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រដូចជា កាត់ផ្តាច់ឬសគល់ នៃការជួញដូរ និងប្រើប្រាស់គ្រឿងញៀន អប់រំ ផ្សព្វផ្សាយ កៀរគរសមាសភាពមន្ត្រីរាជការ សិស្សានុសិស្ស យុវជន កងកម្លាំងប្រដាប់អាវុធ កម្មករ និងប្រជាពលរដ្ឋទូទាំងខេត្ត ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ជំរុញអនុវត្តវិធានការច្បាប់ និងរដ្ឋបាលដូចភ្លៀងរលឹម ពង្រឹងសមត្ថភាពកម្លាំង មានសមត្ថកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាអង្គភាពប្រឆាំងគ្រឿងញៀន របស់ប្រទេសជាប់ព្រំដែន ឲ្យបានទូលំទូលាយ។

លោក ថង សាវុន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានដាក់ផែនការ សម្រាប់ការទប់ស្កាត់បង្ក្រាប និងប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។ លោកបន្តថា បញ្ហាគ្រឿងញៀនជាបញ្ហា ដែលត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា ព្រោះគ្រឿងញៀន ដែលនាំឲ្យបំផ្លិចបំផ្លាញសង្គមជាតិ និងរាំងខ្ទប់ដល់ការអភិវឌ្ឍប្រទេសជាតិ។

លោកអភិបាលខេត្ត បន្ថែមថា សិស្សានុសិស្ស យុវជន មន្ត្រីរាជការ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមទាំងអស់គ្នា ក្នុងការបង្ក្រាបទប់ស្កាត់ ការហូរចូល ចរាចរណ៍ជូញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយខុសច្បាប់ ដើម្បីសង្គម ភូមិ ឃុំ ស្រុក និងសង្គមជាតិ គ្មានគ្រឿងញៀន។

សូមបញ្ជាក់ផងដែរថា នៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៣ កន្លងមកនេះ គណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខេត្តរតនគិរី បានបង្ហាញថាលទ្ធផល នៃការប្រើប្រាស់គ្រឿងញៀន ដែលបង្ក្រាបបានក្នុងខេត្ត មានចំនួន៨៨ករណី។ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ បានចំនួនសរុប២១៤នាក់ ស្រី៣៣នាក់ និងរឹបអូសថ្នាំញៀន ប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៥០១កញ្ចប់ មានទំងន់៣.៧៨២,៣២ក្រាម ថ្នាំញៀនប្រភេទយ៉ាម៉ា (WY) ចំនួន១៤០២គ្រាប់ ទូរស័ព្ទ១១២គ្រឿង ជញ្ជីងថ្លឹងថ្នាំ៣២គ្រឿង វត្ថុច្នៃ៧គ្រឿង ដាវសាំម៉ូរ៉ៃ២០ដើម ម៉ូតូ២១គ្រឿង និងរថយន្ត៣គ្រឿងផងដែរ៕