(ព្រុយណេ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ត្រី Dato Seri Pahlawan Awang Khairul Hamed bin Awang Haji Lampoh មេបញ្ជាការកងទ័ពជើងគោកប្រ៊ុយណេ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ។

នៅក្នុងជំនួបនោះ ឧត្តមសេនីយ៍ត្រី Dato Seri Pahlawan Awang Khairul Hamed bin Awang Haji Lampoh បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូជាន់ខ្ពស់នៃកងទ័ពជើងគោកកម្ពុជា ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត។ លោកឧត្តមសេនីយ៍ត្រី បានចាត់ទុកថា ជំនួបមេបញ្ជាការកងទ័ពជើងគោក នៃប្រទេសទាំងពីរ នាពេលនេះ គឺជាការបង្ហាញអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ក្នុងវិស័យយោធារវាងប្រទេសទាំងពីរ។

លោកឧត្តសេនីយ៍ត្រី បានបន្តថា ប្រទេសប្រ៊ុយណេ សូមចូលរួមអបអរសាទរចំពោះការរីកចម្រើនដ៏ឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា កងទ័ពប្រ៊ុយណេ នឹងបន្តទំនាក់ទំនង និងគាំទ្រកងទ័ពកម្ពុជាទៅថ្ងៃអនាគត។

ជាមួយគ្នានេះដែរឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ជំនួបរវាងមេបញ្ជាការកងទ័ពជើងគោកកម្ពុជា-ប្រ៊ុយណេ ជាការបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ហើយលោកសង្ឃឹមថា កងទ័ពនៃប្រទេសទាំងពីរ នឹងមានសកម្មភាពជាទ្វេភាគី និងពហុភាគីបន្ថែមទៀតនៅថ្ងៃអនាគត៕