(ភ្នំពេញ)៖ សំណង់ផ្ទះល្វែង «បុរី គឹម ធី» ចំនួន២០៩ល្វែង ស្ថិតនៅក្នុងភូមិកាកាប សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរ រកឃើញថា គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវឡើយ។

បន្ទាប់មកលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងមន្រ្តីសាលាខណ្ឌ ដោយមានការចូលរួមពីមន្ត្រីភូមិបាលខណ្ឌ និងលោកប្រធានការិយាល័យបរិស្ថានខណ្ឌ ចុះត្រួតពិនិត្យ និងផ្អាកសកម្មភាពសាងសង់កាលពីវេលាម៉ោង៩៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ព្រមទាំងបានធ្វើលិខិតផ្ញើទៅកាន់ម្ចាស់បុរី ដែលកំពុងស្ថិតនៅ ក្រៅប្រទេស បង្គាប់ឲ្យសុំច្បាប់ឲ្យបានត្រឹមត្រូវ សិនទើបអាចសាងសង់បន្តទៀតបាន។

លោក ប៉ាង លីដា បានថ្លែងថា សំណង់បុរីផ្ទះល្វែង «គឹម ធី» នេះមានចំនួន២០៩ល្វែង ដែលកំពុងដំណើការសាងសង់ គ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះឡើយ ហើយដែលពេលនេះ មានល្វែងខ្លះសាងសង់ស្ទើរតែជិតរួច១រយភាគរយ ចំណែកឯល្វែងខ្លះទៀត សាងសង់បានសម្រេចប្រមាណពី៧០ទៅ៨០ភាគ រយទៅហើយ។ ការចុះផ្អាកសកម្មភាពសាងសង់ ជាបណ្ដោះអាសន្ននាពេលនេះ ក៏ព្រោះតែមានការសង្ស័យថា បុរីមួយនេះ ដំណើរការសាងសង់ ដោយពុំមាននច្បាប់អនុញ្ញាត ព្រោះអាជ្ញាធរមិនដែលបានដឹងពីមុនមកទាល់តែសោះ។

លោកអភិបាលរង បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកក៏បានដឹកនាំគណៈកម្មការចំរុះ មកត្រួតពិនិត្យមើលជាក់ស្ដែង ព្រមទាំងសាកសួរព័ត៌មានពីម្ចាស់បុរី ដើម្បីស្វែងរកឯកសារពាក់ព័ន្ធផ្សេងៗ ជាពិសេសច្បាប់អាជីវកម្ម និងច្បាប់សាងសង់តែម្ដង។

ប៉ុន្តែចំពោះករណីនេះ លោក សុខ សម្បត្តិ តំណាងខាងបុរី បានបញ្ជាក់ថា តាមពិតក្រុមហ៊ុនរបស់លោក មានលិខិតអនុញ្ញាតសាងសង់ចំនួន ១៥០ល្វែងផងដែរពីអភិបាលខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦កន្លងទៅផងដែរ៕