(ប៉េកាំង)៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះក្រសួងការពារជាតិរបស់មហាអំណាចចិន បានចេញមុខមកប្រកាសអះអាងថា ចិនគ្មានធ្វើកិច្ចព្រមព្រៀងណាមួយ ជាមួយកម្ពុជា ដើម្បីអនុញ្ញាតឲ្យយោធាចិនឈរជើងនៅមូលដ្ឋានសមុទ្រកម្ពុជានោះឡើយ វាជាព័ត៌មានមិនពិត។

ការចេញមកប្រកាសជាសាធារណៈ និងទាត់ចោលរបាយការណ៍របស់កាសែត The Wall Street Journal នេះ ធ្វើឡើងដោយអ្នកនាំពាក្យក្រសួងការពារជាតិ របស់មហាអំណាចចិន លោក Wu Qian ថ្លែងឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអន្តរជាតិ នៅក្នុងឱកាសសន្និសីទសារព័ត៌មាន និងប្រកាសសៀវភៅស របស់ក្រសួងការពារជាតិ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ។

ជុំវិញសំនួររបស់អ្នកសារព័ត៌មានអន្តរជាតិ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ចិនកំពុងកសាងមូលដ្ឋានទ័ពជើងទឹកក្នុងប្រទេសកម្ពុជា អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Wu Qian បានឆ្លើយតបវិញយ៉ាងដូច្នេះថា៖ «សម្រាប់សំនួរថា តើចិនកំពុងកសាងមូលដ្ឋានយោធាចិននៅក្នុងប្រទេសកម្ពុជា ឬយ៉ាងណានោះ វាគឺជាពាក្យ ចចាមអារ៉ាម និងជារបាយការណ៍មិនពិតប៉ុណ្ណោះ។ ប្រទេសចិន និងកម្ពុជា មានត្រឹមកិច្ចសហប្រតិបត្តិការលើការហ្វឹកហ្វឺនជំនាញជាមួយគ្នា ព្រមទាំងការផ្តល់ជំនួយ ដល់គ្នាទៅវិញទៅមក ហើយកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ គឺគ្មានការកំណត់គោលដៅទៅលើប្រទេសទីបីណាមួយឡើយ... សូមអរគុណ»

ប្រតិកម្មឆ្លើយតបបញ្ហាដ៏រសើបនេះ, ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអះអាងថា ការផ្សព្វផ្សាយព័ត៌មានស្តីអំពីកម្ពុជាចុះហត្ថលេខាជាសម្ងាត់ ជាមួយចិន ប្រើប្រាស់មូលដ្ឋានយោធា គឺជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តល់កិច្ចសម្ភាសន៍ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ជាមួយខ្លឹមសារយ៉ាងដូច្នេះថា «នេះជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធា បរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»

ប្រសាសន៍ឆ្លើយតបរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងបន្ទាប់ពីសារព័ត៌មានបរទេសមួយចំនួន បានចេញផ្សាយដកស្រង់តាម សារព័ត៌មាន The Wall Street Journal ថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម»

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អះអាងច្បាស់ៗបន្តថា «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយកុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនិងយើងហើយ»

សូមជំរាបថាកន្លងមកសម្តេចតេជោ ហ៊ុន សែន ព្រមទាំងមន្រ្តីយោធាកំពូលៗរបស់កម្ពុជា ធ្លាប់បានចេញសេចក្តីប្រកាស​បដិសេធ​ជា​សាធារណៈច្រើនដងរួចហើយ អំពីបញ្ហានេះនិងអះអាងថា កម្ពុជាជារដ្ឋឯករាជ្យ អធិបតេយ្យ ច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីខ្លួនឡើយ៕