(ភ្នំពេញ)៖ មូលនិធិគន្ធបុប្ផាកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយអំពាវនាវឲ្យជន ឬក្រុមមួយចំនួន បញ្ឈប់ជានូវសកម្មភាពមិនប្រកតីមួយចំនួន ដែលប្រើប្រាស់នូវឈ្មោះប្រមូលមូលនិធិជួយមន្ទីរពេទ្យគន្ធបុប្ផា ប៉ុន្តែបែរជាមិនបម្រើនូវផលប្រយោជន៍របស់មន្ទីរពេទ្យទាំងស្រុង។

ការចេញមកអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីសង្កេតឃើញថា មានសកម្មភាពប្រគុំតន្ត្រីតាមដងផ្លូវ, ការលក់ផលិតផល ការដើររៃអង្គាសប្រាក់ដើម ជាសកម្មភាពលក្ខណៈមិនសមរម្យ និងមិនប្រក្រតីដែលអាចជាការឆ្លៀតឱកាស និងមិនបម្រើឱ្យផលប្រយោជន៍របស់មន្ទីរពេទ្យទាំងស្រុង។

សេចក្តីជូនដំណឹងរបស់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែកក្កដានេះបានបញ្ជាក់ថា ចាប់តាំងពីត្រូវបានបង្កើត និងដាក់ឱ្យដំណើរការជាផ្លូវការកាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨កន្លងមក មូលនិធិគន្ធបុប្ផាកម្ពុជា បានទទួលការបរិច្ចាគយ៉ាងច្រើនកុះករ ពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុនឯកជន អង្គការ សមាគមន៍ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ក៏ដូចជាពលរដ្ឋដែលរស់នៅតាមបណ្តាប្រទេសផ្សេងៗផងដែរ។

ទន្ទឹមនឹងនេះ មូលនិធិគន្ធបុប្ផាកម្ពុជា សង្កេតឃើញមានសកម្មភាពកៀរគរមូលនិធិក្រោមរូបភាពផ្សេងៗរួមមាន៖ ការប្រគុំតន្ត្រី ការលក់ផលិតផល និងការដើររៃអង្គាសប្រាក់ជាដើម ក្នុងគោលបំណងប្រមែប្រមូលធនធានបរិច្ចាគ ជូនមន្ទីរពេទ្យគន្ធបុប្ផាដោយផ្ទាល់ ឬតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។

ក្នុងនាមអាណាព្យាបាលកុមារ និងក្នុងនាមមន្ទីរពេទ្យផ្ទាល់ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជន និងចលនាកៀរគរការបរិច្ចាគទាំងអស់ ដែលទាំងនេះសុទ្ធសឹងជាកាយវិការសប្បុរសធម៌ដ៏ប្រសើរបំផុត ក្នុងការចូលរួមធានាឱ្យបាននូវនិរន្តរភាព នៃមន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

មូលនិធិមន្ទីរពេទ្យគន្ធបុប្ផាសង្កត់ធ្ងន់ថាន «ទោះជាយ៉ាងណា មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សង្កេតឃើញមានសកម្មភាពមួយចំនួនដំណើរការ ដោយមានលក្ខណៈមិនសមរម្យ និងមិនប្រក្រតីដែលអាចជាការឆ្លៀតឱកាស និងមិនបម្រើឱ្យផលប្រយោជន៍របស់មន្ទីរពេទ្យទាំងស្រុង។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមធ្វើការអំពាវនាវសូមបញ្ឈប់ជាបន្ទាន់នូវសកម្មភាពមិនប្រក្រតីទាំងនោះ បើពុំដូច្នេះមូលនិធិគន្ធបុប្ផាកម្ពុជា នឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការផ្លូវច្បាប់»

ចំពោះសកម្មភាពកៀរគរការបរិច្ចាគនានា ដែលមានឆន្ទៈបម្រើដល់ផលប្រយោជន៍របស់មន្ទីរពេទ្យគន្ធបុប្ផាពិតប្រាកដ មូលនិធិគន្ធបុប្ផាកម្ពុជា សូមលើកទឹកចិត្តមកសហការដោយផ្ទាល់ជាមួយលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅក្នុងទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ៖ ០៦១ ៧០១ ១១១ ឬ ០៩៦ ៧០១ ១១១១។

លេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា រីករាយនឹងផ្តល់កិច្ចសហការយ៉ាងពេញទំហឹងចំពោះភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងអនុញ្ញាតឱ្យប្រើប្រាស់រូបសញ្ញារបស់ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាស្លាកសញ្ញាផ្សេងៗក្នុងការអនុវត្តសកម្មភាពស្របច្បាប់នានា៕