(ភ្នំពេញ)៖ តំណាងរាស្រ្ត គង់ សុភា និង ញ៉យ ចំរើន ដែលរងគ្រោះដោយការវាយប្រហារនៅមុខរដ្ឋសភាកាលពីពេលថ្មីៗនេះ  នឹងវិលត្រឡប់មកដល់កម្ពុជា នៅរសៀលថ្ងៃទី២៤ វិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង២៖៤០នាទី។

តំណាងរាស្រ្ត គង់ សភា បានសរសេរនៅថ្ងៃអាទិត្យនេះ៖ «ជនរួមជាតិជាទីគោរព៖ ខ្ញុំ គង់ សភា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និង ឯឧ ញ៉យ ចំរើន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលរងគ្រោះនូវព្រឹត្តិការណ៍ដ៏ឃោរឃៅប៉ុនប៉ង វាយសំលាប់មកលើពួកយើងខ្ញុំ កាលពីថ្ងៃទី២៦ខែ តុលាឆ្នាំ២០១៥កន្លងទៅនេះ ហើយបានមកសំរាកព្យាបាលនៅ មន្ទីពេទ្យ Phyathai II អស់រយៈពេល ២៨ថ្ងៃកន្លងទៅហើយ ។ ក្រោយពីក្រុមគ្រូពេទ្យបានពិនិត្យយ៉ាងយកចិត្តទុកដាក់និងប្រាប់ថា៖ ពួកយើងខ្ញុំបានធូរស្បើយបានបន្តិចហើយៗអាចចេញពីមន្ទីពេទ្យបាន។

ដូច្នេះយើងខ្ញុំទាំងពីរនាក់មានគំរោងវិលត្រឡប់ទៅមាតុភូមិវញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ តាមជើងយន្តហោះបាងកកអ៊ែវ៉េ ចេញដំណើនៅម៉ោង ១៖៣០នាទី និងទៅដល់នូវម៉ោង ២៖៤០នាទី៕