(សៀមរាប)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ និងមជ្ឈមណ្ឌល South East Asian Central Banks (SEACEN) Research and Training បានរៀបចំសិក្ខាសាលាមួយស្ដីពី «ការខាតបង់ឥណទានរំពឹងទុក និងសំវិធានធន»។

សិក្ខាសាលានេះរៀបចំឡើង ក្រោមការចូលរួមពីលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោក ស៊ុ សន្និសិទ្ធ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ព្រមទាំងមានការចូលរួមពី សិក្ខាកាមជាមន្ត្រីត្រួតពិនិត្យ, អាជ្ញាធរ, បញ្ញត្តិករ, និងអ្នករៀបចំគោលនយោបាយមកពីធនាគារកណ្តាល, អាជ្ញាធររូបិយវត្ថុ, អាជ្ញាធរសេវាកម្មហិរញ្ញវត្ថុ និងសាជីវកម្មធានារ៉ាប់រងលើប្រាក់បញ្ញើចំនួន១១ប្រទេស។

សិក្ខាសាលានេះរៀបចំឡើង ក្នុងគោលបំណងពង្រឹងចំណេះដឹង និងកសាងសមត្ថភាពមន្ត្រីត្រួតពិនិត្យ ពាក់ព័ន្ធនឹងសម្ពាធឥណទាន និងការដាក់ចេញនូវគោលនយោបាយ ដំណោះស្រាយ នៃឥណទានមិនដំណើរការ (Resolution of Non-Performing Loans) និងភាពគ្រប់គ្រាន់នៃការធ្វើសំវិធានធននៃ ការខាតបង់ឥណទានរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុឱ្យសមស្របទៅតាមស្តង់ដារ គណនេយ្យអន្តរជាតិ IFRS 9 (International Financial Reporting Standards)។

លោកទេសាភិបាលរង បានលើកឡើងថា សិក្ខាសាលាមានរយៈពេលមួយសប្តាហ៍នេះ នឹងផ្តល់ឱកាសជូនសិក្ខាកាមទាំងអស់ បានសិក្សារៀនសូត្រចំណេះដឹង និងបទពិសោធន៍ល្អៗពីគ្រូឧទ្ទេសនាម ពាក់ព័ន្ធនឹងគោលនយោបាយ និងស្តង់ដារគណនេយ្យអន្តរជាតិនៃ បណ្តាប្រទេសផ្សេងៗ ដើម្បីជានិយាមក្នុងការកសាងម៉ូដែលមួយដ៏សមស្រប សម្រាប់ប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ដូចជាការព្យាករណ៍ ការវិនិច្ឆ័យលើការផ្ទេរឧបករណ៍ហិរញ្ញវត្ថុ និងការដាក់ចេញនូវគោលនយោបាយ ក្នុងការធ្វើសំវិធានធនលើការខាតបង់ឥណទាន ការវាយតម្លៃ និងវាស់វែងហានិភ័យចំពោះស្ថិរភាពហិរញ្ញវត្ថុ និងការដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងដោយការខាតបង់នៃឥណទាន៕