(ភ្នំពេញ)៖ យ៉ាងហោចណាស់មានភោជនីយដ្ឋានចំនួន៩០០កន្លែង ដែលមានស្តង់ដារខ្ពស់ នៅក្នុងប្រទេសកម្ពុជា បានដាក់ពាក្យ «ប្រឡងប្រណាំងភោជនីដ្ឋានស្អាត» ដែលរៀបចំដោយក្រសួងទេសចរណ៍ នាពេលខាងមុខនេះ។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។

បើតាមរបាយការណ៍ក្រសួងទេសចរណ៍ ដែលបង្ហាញក្នុងសិក្ខាសាលាបណ្តុះបណ្តាលមន្ត្រីវាយតម្លៃ «ភោជនីយដ្ឋានស្អាត៖ ភោជនីយដ្ឋានគ្មានសំរាមជាក្រដាសក្រោមតុ» នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព លោក ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា បច្ចុប្បន្នមានភោជនីដ្ឋាន អាហារដ្ឋានទេសចរណ៍ប្រមាណជិត ៩០០ទីតាំង បានដាក់ពាក្យចូលរួមប្រឡងប្រណាំង «ភោជនីដ្ឋានស្អាត៖ គ្មានសម្រាមជាក្រដាសក្រោមតុ» និងមានការចូលរួមជាបន្តបន្ទាប់ (ប្រមាណជិត៥០%) នៃភោជនីដ្ឋាន អាហារដ្ឋានទេសចរណ៍ទូទាំងប្រទេស។

ការប្រឡងប្រណាំង «ភោជនីដ្ឋានស្អាត៖ គ្មានសម្រាមជាក្រដាសក្រោមតុ» អាចទទួលបានជោគជ័យដោយផ្អែកលើការចូលរួមពីភាគីផ្នែកឯកជនជាម្ចាស់អាជីវកម្មភោជនីដ្ឋាន អាហារដ្ឋានទេសចរណ៍ និងប្រជាពលរដ្ឋគ្រប់រូបតាមរយៈការប្រើកូនសៀវភៅ Green passport ដែលអាចវាយតម្លៃភោជនីដ្ឋាន អាហារដ្ឋានទេសចរណ៍ដែលខ្លួនបានចូលញាំ ដោយស្នើឱ្យម្ចាស់អាជីវកម្មភោជនីដ្ឋាន អាហារដ្ឋានទេសចរណ៍វាយត្រាបញ្ជាក់ថាស្អាតនៅលើកូនសៀវភៅរបស់ខ្លួន។

សូមបញ្ជាក់ថា រៀងរាល់ចុងឆ្នាំ ក្រសួងទេសចរណ៍កម្ពុជា តែងរៀបចំការបូកសរុបភោជនីដ្ឋាន អាហារដ្ឋានទេសចរណ៍ដែលមានត្រាច្រើនជាងគេ នឹងទទួលបានជ័យលាភី៕

ការវាយតម្លៃចំណាត់ថ្នាក់ ចំណាត់ថ្នាក់ «ភោជនីយដ្ឋានស្អាត៖ ភោជនីយដ្ឋានគ្មានសំរាមជាក្រដាសក្រោមតុ» ដែលរួមមាន២ សូចនាករគោល មាន៥សូចនាករលំអិត និង១៣ លក្ខណៈវិនិច្ឆ័យ៖

* សូចនាករគោលស្តីពីការគ្រប់គ្រងសំរាមនៅ តាមតុអាហារ៖ ក្នុងគោលបំណងឱ្យម្ចាស់អាជីវកម្មកមានការរៀចំធុងដាក់សំរាមនៅគ្រប់អាហារ និងមានចាត់បុគ្គលិកប្រមូលសំរាមដែលភ្ញៀវបោះចោលខុសធុងសំរាម និងមានការណែនាំរំលឹកដល់ភ្ញៀវអំពីផលប៉ះពាល់នៃការចោលសំរាម ដោយការប្រើប្រាស់សម្ភារៈសម្រាប់ជូតជំនួសក្រដាស ។

* សូចនាករគោលស្តីអំពីបង្គន់សាធារណស្អាត៖ ក្នុងគោលបំណងឱ្យមានការសម្អាតបន្ទប់ទឹកជាប្រចាំពេលដែលមានភ្ញៀវប្រើប្រាស់ច្រើន និងមានបែងចែកបន្ទប់ទឹក បុរស និងស្ត្រី និងមិនមានក្លិនអាក្រក់៕