(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំគណៈកម្មការមូលបត្រកម្ពុជា លើកទី៥៦ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការមូលបត្រកម្ពុជា (គ.ម.ក.), គណៈកម្មការមូលបត្រ អនុម័តដោយផ្តល់ការអនុញ្ញាត ជាគោលការណ៍លើសំណើ សុំបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈរបស់ធនាគារ វឌ្ឍនៈ អាស៊ី ចំកាត់ (ធនាគារ ABA)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅយប់ថ្ងៃទី២៣ ខែកក្កដានេះ។

សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ធនាគារ ABA បានស្នើសុំបោះផ្សាយលក់មូលបត្របំណុល ដែលជាប្រភេទសញ្ញាបណ្ណធម្មតា គ្មានវត្ថុធានា ក្នុងអត្រាគូប៉ុងប្រចាំឆ្នាំចន្លោះពី៧%-៧.៧៥% ក្នុងមួយឆ្នាំ ជាមួយនឹងការទូទាត់គូប៉ុងប្រចាំឆមាស។

គណៈកម្មការមូលបត្រកម្ពុជាបញ្ជាក់ទៀតថា ធនាគារ ABA គ្រោងបោះផ្សាយក្នុងទំហំប្រាក់សរុប១២៨ប៊ីលានរៀល (ប្រហែល៣២លានដុល្លារ) មានតម្លៃចារឹកក្នុងមួយឯកតាមូលបត្របំណុល ១០០,០០០រៀល និងមានឥណប្រតិទាន៣ឆ្នាំ។ ធនាគារត្រូវបន្តនីតិវិធីនៃការបោះផ្សាយលក់មូលបត្របំណុល អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន មុនទទួលបានការអនុញ្ញាតជាផ្លូវការ ក្នុងការចុះបញ្ជីលើទីផ្សារមូលបត្រកម្ពុជា។

ជាមួយគ្នានេះក្នុងកិច្ចប្រជុំនោះ គណៈកម្មការមូលបត្រកម្ពុជា បានសម្រេចនូវការងារសំខាន់មួយចំនួនទៀតដូចជា៖

* អនុម័តជាគោលការណ៍លើសំណើ សុំអាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទរបស់ក្រុមហ៊ុន ហ្គាណាត្រេឌើរ អ៊ិនថេលីស៊ីស្ទីម ឯ.ក (Ganatrader Intellisystem Co., Ltd.)។

* អនុម័តជាគោលការណ៍លើសំណើ សុំអាជ្ញាបណ្ណក្រុមហ៊ុនគ្រប់គ្រងមូលនិធិរបស់ (១) ក្រុមហ៊ុន អេស.ជេ អ៊ែសេត មេនេចម៉ិន ឯ.ក (S.J Asset Management Co., Ltd.) និង (២).ក្រុមហ៊ុន អូបរ មេនេចម៉ិន ឯ.ក (OBOR Management Co., Ltd.)។

* អនុម័តជាគោលការណ៍លើសំណើ សុំទទួលស្គាល់ធនាគារ ប៊ី.អាយ.ស៊ី (ខេមបូឌា) ប៊ែង ម.ក (B.I.C (Cambodia) Bank Plc.) ជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ។

* អនុម័តជាគោលការណ៍លើសំណើសុំការអនុញ្ញាតធ្វើជាក្រុមហ៊ុនចែកចាយលក់មូលបត្រ របស់ក្រុមហ៊ុន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី (ACLEDA Securities Plc.)។

* អនុម័តជាគោលកាណ៍លើសំណើសុំការទទួលស្គាល់ ក្រុមហ៊ុនផ្តល់សេវាផ្នែកច្បាប់ក្នុងវិស័យមូលបត្ររបស់ (១) ក្រុមមេធាវី ស៊ី អេស ភី និងសហការី និង (២) ក្រុមមេធាវី កម្ពុជាសហប្រតិបត្តិការអន្តរជាតិ។

* អនុម័តលើសេចក្តីព្រាងវិសោធនកម្មប្រកាស ស្តីពីការដាក់ឱ្យអនុវត្តវិធានប្រតិបត្តិការទីផ្សារមូលបត្រ របស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ដោយបន្ថែមម៉ោងជួញដូរចាប់ពីម៉ោង ៨៖០០ នាទីព្រឹក រហូតដល់ម៉ោង៣៖០០ រសៀល រៀងរាល់ថ្ងៃធ្វើការ។

* អនុម័តជាគោលកាណ៍លើសំណើ សុំការអនុញ្ញាតធ្វើជាក្រុមហ៊ុនចែកចាយលក់ ទិញត្រឡប់មកវិញ ឬទូទាត់សងរបស់ក្រុមហ៊ុន ហ៊ុង តុង ហ្វ័រឈូន ហ្វាន់ អ៊ិនវេសម៉ិន ឯ.ក (Hung Tong Fortune Fund Investment)៕