(ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា និងក្រសួងការពារជាតិវៀតណាម នឹងខិតខំបន្តរួមសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាន ដើម្បីធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ហើយបង្ក្រាបឱ្យទាន់ពេលវេលានូវបទល្មើសផ្សេងៗតាមព្រំដែន។ នេះបើតាម នាយឧត្តមសេនីយ៍ នាង ផាត។

ការបង្ហាញអំពីការពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការបង្ក្រាបបទល្មើសតាមព្រំដែននេះ បានលើកឡើង នៅក្នុងជំនួបរវាង នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងាការពារជាតិ ជាមួយលោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន ជីវីញ អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម នៅទីស្តីការក្រសួងការពារជាតិ នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ។

នាយឧត្តមសេនីយ៍ នាង ផាត បានថ្លែងថា ភាគីទាំងពីរនឹងកសាងព្រំដែនសន្តិភាព និងកិច្ចសហប្រតិបត្តិការល្អ បន្តសហប្រតិបត្តិការរុកអដ្ឋិធាតុ កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីនៅក្នុងប្រទេសកម្ពុជា កាលពីសម័យសង្គ្រាមនៅស៊ីវិលនៅកម្ពុជា។

ជាបន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានបន្តថា ក្រសួងការពារជាតិទាំងពីរ នឹងបន្តរួមគ្នាអនុវត្ត និងមានវិធានការដោះស្រាយឱ្យមានប្រសិទ្ធភាព ទប់ស្កាត់នូវយុទ្ធសាស្ត្ររបស់អមិត្ត ដែលមាន ឧបាយកលបំបែកបំបាក់សន្តិភាព និងចំណងសាមគ្គីភាពកម្ពុជា-វៀតណាម។ កងទ័ពប្រទេសទាំងពីរត្រូវតែជាកម្លាំងស្នូលធានាឱ្យបាននូវស្ថិរភាព កិច្ចសហប្រតិបត្តិការ រីកចម្រើនលើគ្រប់វិស័យ ទប់ស្កាត់ នូវរាល់សកម្មភាពអសកម្ម ដែលឈានដល់ការបំបែកបំបាក់សន្តិភាព និងធ្វើអស្តិរភាពកងទ័ពទាំងពីរ។

នាយឧត្តមសេនីយ៍ នាង ផាត បានបញ្ជាក់ថា ក្រសួងការពារជាតិទាំងពីរនឹងបន្តផ្លាស់ប្តូរប្រតិភូនាយទាហានវ័យក្មេងបន្តវេន ដើម្បីផ្លាស់ប្តូរបទ ពិសោធន៍ការងារ ការពារសន្តិសុខកងទ័ព សហការក្នុងការបណ្តុះបណ្តាលហ្វឹកហ្វឺន បំប៉នឱ្យនាយទាហាន និងថ្នាក់ដឹកនាំបន្តវេនលើវិស័យការពារជាតិ ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាយោធភូមិភាគ ជាប់ព្រំដែនប្រទេសទាំងពីរ និងបណ្តាអង្គភាពថ្នាក់ប្រហាក់ប្រហែលរបស់ភាគីទាំងពីរ៕