(ព្រះសីហនុ)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញជំនឿថា លោក គួច ចំរើន នឹងដឹកនាំខេត្តព្រះសីហនុ ទទួលបានជោគជ័យបន្ថែមទៀត ប៉ុន្ដែទន្ទឹមការទទួលបានជោគជ័យនេះ ក៏ទាមទារឲ្យមានការចូលរួមពីមន្ដ្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ផងដែរ។

ការថ្លែងរបស់លោក ពេជ សោភ័ន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញរួមជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានពហុបច្ចេកទេសបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តព្រះសីហនុ នៅសណ្ឋាគារឯករាជ្យ។

លោក ពេជ សោភ័ន ក៏បានថ្លែងនូវការកោតសរសើរ លោក គួច ចំរើន ថាមានសមត្ថភាពដឹកនាំខេត្តព្រះសីហនុ ឲ្យទទួលបានជោគជ័យរីកចម្រើនរុងរឿងបាន ប៉ុន្តែដើម្បីទទួលបានជោគជ័យ ចាំបាច់ត្រូវមានការចូលរួមគាំទ្រពីមន្ត្រីរាជការ ប្រជាពលរដ្ឋ និងយុវជនផងដែរ ធ្វើយ៉ាងណាឲ្យអភិបាលខេត្តព្រះសីហនុថ្មី មានលទ្ធភាពក្នុងការដឹកនាំកែទម្រង់រដ្ឋបាល ឲ្យឆ្ពោះទៅរកការរីកចម្រើនថែមទៀត បើទោះជាមានបញ្ហាប្រឈមស្មុគស្មាញជាច្រើនចំពោះមុខយ៉ាងណាក្តី។

ថ្នាក់ដឹកនាំក្រសួងការងាររូបនេះ បានបញ្ជាក់បន្ថែមថា ខេត្តព្រះសីហនុបច្ចុប្បន្ននេះ គឺពិតជាមានការអភិវឌ្ឍន៍លឿនស្ទើរមិននឹកស្មាន ហើយលោកចាត់ទុកថា វឌ្ឍន៍ភាពនេះ គឺជាផ្លែផ្កា នៃសន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ខណៈលោកសង្កត់ថា សន្តិភាពនេះ គឺជាកត្តាចាំបាច់បំផុតដែលនាំឲ្យយើងមានឱកាសទទួលបានការអភិវឌ្ឍប្រទេសជាតិ។

ជាមួយគ្នានេះ លោក គួច ចំរើន បានគូសបញ្ជាក់ថា កិច្ចការទាំងអស់បើគ្មានការចូលរួមទេ គឺមិនអាចសម្រេចជោគជ័យបានឡើយ ដូច្នេះចាំបាច់ណាស់ ការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធនានា ដើម្បីឲ្យការគ្រប់គ្រងកាកសំណល់សំរាម នៅក្រុងព្រះសីហនុ ដែលកំពុងតែមានការកើនឡើងនេះបានល្អប្រសើរ។

លោក គួច ចំរើន បានអំពាវនាវឲ្យប្រជាពលរដ្ឋក៏ដូចជាយុវជន ត្រូវចូលរួមក្នុងការលើកកម្ពស់ បរិស្ថានអនាម័យ នៅក្នុងក្រុងព្រះសីហនុ ឲ្យបានល្អប្រសើរពិសេស គឺបញ្ហាសំរាម។ លោកថា បច្ចុប្បន្នខេត្តព្រះសីហនុ គឺមានកំណើនសំរាមច្រើន គួរឲ្យកត់សម្គាល់ ហើយការកើនឡើងនៃបរិមាណសំរាម គឺផ្ដើមចេញពីកំណើនមនុស្ស និងការប្រើប្រាស់របស់មនុស្ស។

ដើម្បីឲ្យការគ្រប់គ្រងសំរាមបានល្អ លោកអភិបាល បានផ្ដល់អនុសាសន៍៣ចំណុច រួមមាន៖

*ទី១៖ ជំរុញអាជ្ញាធរដែននដី និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវធ្វើផែនការច្បាសល់លាស់ ធ្វើការជាមួយក្រុមហ៊ុនប្រមូលសំរាម។
*ទី២៖ ក្រុមហ៊ុនប្រមូលសំរាម ត្រូវតែពង្រឹងសមត្ថភាពរបស់ខ្លួន និងបំពាក់នូវសម្ភារចាំបាច់ ដើម្បីប្រើប្រាស់ធានាបាននូវការប្រមូលសំរាមបានទាន់ពេលវេលា។
*ទី៣៖ ស្នើឲ្យពលរដ្ឋដែលជាអ្នកប្រើប្រាស់សំរាម ត្រូវធ្វើការវេចខ្ចប់ និងរៀបចំទុកដាក់ឲ្យមានរបៀបរៀបរយបានត្រឹមត្រូវ ដើម្បីឲ្យក្រុមអ្នកប្រមូលសំរាមងាយស្រួល ក្នុងការប្រមូលយកទៅចោល។

ព្រមពេលជាមួយគ្នានេះ ទាំងលោក ពេជ សោភ័ន និងលោក គួច ចំរើន បានលើកសរសើរដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សាទាំងអស់ ដែលបានចូលរួមចំណែក នៅក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជន ដើម្បីឲ្យពួកគេមានឱកាស ក្នុងការទទួលបានការងារស្របពេលដែលទីផ្សារការងារ នៅខេត្តព្រះសីហនុ មានតម្រូវការ ខណៈដែលកំពុងការអភិវឌ្ឍយ៉ាងគំហុក៕