(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងយកចិត្តទុកដាក់ក្នុងរៀបចំបង្កើតនូវប្រព័ន្ធភូតគាមអនាម័យអេឡិចត្រូនិច (E-Phyto Sysytem) ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងផ្តល់ងាយស្រួលដល់អ្នកនាំចេញ។

វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ (Phyto) ជាឯកសារចាំបាច់សម្រាប់ការនាំចេញផលិតផលកសិកម្ម ដូចជាផ្លែឈើស្រស់ បន្លែស្រស់ រុក្ខជាតិស្រស់ ត្រី​ សត្វរស់ និងផលិតផលផ្សេងទៀត ដែលតម្រូវដោយប្រទេសនាំចូល។

វិញ្ញាបនបត្រនេះបញ្ជាក់ថា ផលិតផលនាំចេញគ្មានផ្ទុកសត្វ ល្អិតបង្កជំងឺ ឬសត្វល្អិតចង្រៃដែលអាចបំផ្លាញផលដំណាំ។ អ្នកនាំចូលត្រូវទទួលខុសត្រូវ ក្នុងការបំពេញទៅតាមលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោកបណ្ឌិត កែ មុន្ធីវុធ នាយក​ដ្ឋាន​ការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានបញ្ជាក់ឲ្យដឹងថា កម្ពុជាពិតជាមានឆន្ទះ ក្នុងការរៀបចំឲ្យមានប្រព័ន្ធភូតគាមអនាម័យអេឡិចត្រូនិច (E-Phyto) នេះ ដោយអគ្គនាយកដ្ឋានកសិកម្ម ប្រឹងប្រែងសាកល្បងធ្វើការងារនេះ២-៣ឆ្នាំមកហើយ ដោយសម្រេចបានមួយជំហ៊ាន ស្ថិតក្នុងគម្រោងបញ្ជរជាតិតែមួយ ដែលដឹកនាំអនុវត្តន៍ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោកបន្តថា នៅពេលនេះសម្រាប់ការស្នើសុំការធ្វើវិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ អាចធ្វើតាមប្រព័ន្ធអនឡាញ តាមច្រកបញ្ជរជាតិតែមួយបាន។

លោកបណ្ឌិត កែ មុន្ធីវុធ បានបញ្ជាក់ទៀតថា «ដើម្បីធ្វើឲ្យមានការប្រើប្រាស់ប្រព័ន្ធ E-Phyto ពេញលេញយើងត្រូវការរៀបប្រព័ន្ធការងារបច្ចេកទេស និងធនធានមនុស្ស។ បច្ចុប្បន្ននេះយើងអាចធ្វើការងាររដ្ឋបាល ដោយដាក់ពាក្យស្នើសុំវិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ តាមប្រព័ន្ធអនឡាញ ដូច្នេះយើងកំពុងតែរកដៃគូ ដើម្បីប្រមូលធនធាន បន្តធ្វើការងារនេះដែលមានដៃគូ ហើយដៃគូដែលជួយយើងមាន អង្គការ CAVAC និង FAO»

ប្រធាននាយកដ្ឋានរូបនេះបានឲ្យដឹងទៀតថា «យើងចង់ឲ្យប្រាស់ប្រព័ន្ធ E-Phyto នៅ២ឆ្នាំទៀតយ៉ាងយូរ ដើម្បីឲ្យទាន់សភាព ការសម្រួលពាណិជ្ជកម្ម»

យ៉ាងណាក៏ដោយលោក មុន្ធីវុធ បានលើកឡើងថា បើទោះបីជាកម្ពុជាមាន E-Phyto ក៏មិនប្រាកដថា អាចសម្រួលដល់ការធ្វើពាណិជ្ជកម្ម ពេញលេញនោះដែរ ដរាបណាប្រទេសដែលកម្ពុជា ធ្វើពាណិជ្ជកម្មជាមួយប្រើប្រាស់ប្រព័ន្ធ E-Phyto នេះដូចគ្នា ហើយចំពោះប្រទេសដែលមិនទាន់មានប្រព័ន្ធនេះ គឺនៅតែប្រើប្រាស់ក្រដាសធម្មតា។

តាមលោកនៅក្នុងតំបន់អាស៊ាន មានតែពីរប្រទេសប៉ុណ្ណោះ ដែលឈានមុខ មានប្រើប្រាស់នូវប្រព័ន្ធ E-Phyto គឺប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី។

លោក កែ មុន្ធីវុធ បានឲ្យដឹងថា ប្រព័ន្ធ E-Phyto នេះ នឹងជួយរួមចំណែកដល់ការលុបបំបាត់នូវការបន្លំឯកសារ ដែលផ្តល់នូវទំនុកចិត្ត ក្នុងការធ្វើពាណិជ្ជកម្មកាន់តែខ្លាំង, កាត់បន្ថយនូវពេលវេលារត់ឯកសារ និងកាត់បន្ថយបញ្ហាមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់ការប្រកួតប្រជែងការធ្វើពាណិជ្ជកម្ម៕