(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានប្រកាសផ្តល់ស្ពានដែក (បាឡេ) ៥កន្លែង ជូនប្រជាពលរដ្ឋ ក្នុងឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ បានប្រើប្រាស់ជា ប្រយោជន៍សាធារណៈ ដែលការសម្រេចផ្តល់ជូននេះធ្វើឡើងបន្ទាប់ពីលោក បានចុះពិនិត្យដោយផ្ទាល់នៅកន្លែងប្រព័ន្ធធារាស្ត្រក្នុងឃុំរំលេច និងជាការឆ្លើយតបទៅនឹងសំណូមពរយ៉ាងទទូច នូវតម្រូវការជាក់ស្តែងពីសំណាក់ប្រជាពលរដ្ឋនៅទីនោះ។

លោក ម៉ៅ ធនិន បានលើកឡើងបែបនេះនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសនាំយកទេយ្យទាន និងទៀនចំណាំព្រះវស្សា មកប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា ក្នុងវត្តប្រាសាទដូនអន ស្ថិតក្នុងឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ត្រីរាជការ អង្គភាពនានាជុំវិញខេត្ត និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។

លោក ម៉ៅ ធនិន បានថ្លែងថា ដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ទើបធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព ស្ថិរភាពពេញលេញ មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។ បច្ចុប្បន្ននេះវិស័យព្រះពុទ្ធសាសនា ក៏បាននឹងកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់ផងដែរ គឺទាំងផ្លូវអាណាចក្រ និងពុទ្ធចក្រ ហើយប្រជាពលរដ្ឋមានសិទ្ធិគ្រប់បែបយ៉ាង ក្នុងការប្រកបអាជីវកម្ម រកទទួលទានធ្វើឱ្យជីវភាពគ្រួសារគាប់ប្រសើរ និងអនុញ្ញតឲ្យយើងទាំងគ្នា បានរួមគ្នាធ្វើបុណ្យរួមគ្នា ក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។

លោកបានបន្ថែមថា ដោយមើលឃើញពីតម្រូវការជាក់ស្តែង ស្ពានឆ្លងប្រឡាយចូលមកសាលា និងទីវត្តអារាម មានសភាពតូចង្អៀតពិបាកក្នុងការធ្វើដំណើរ លោកបានសម្រេចលើកគម្រោងស្ពានដែក (បាឡេ) ១ក្នុងចំណោម ៥កន្លែង ដែលត្រូវផ្តល់ជូនប្រជាពលរដ្ឋក្នុងឃុំរំលេច សម្រាប់ប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

លោកបន្តថា បុណ្យចូលព្រះវស្សា គឺជាបុណ្យមួយដែលចាប់ផ្ដើមពីថ្ងៃ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែអស្សុជ មានរយៈពេល៣ខែ ដែលបងប្អូនខ្មែរយើង គោរពប្រតិបត្តិតាមគន្លង ព្រះពុទ្ធសាសនា។ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមើលថែរក្សាដល់កូនចៅតូចៗ ឲ្យបានល្អ ព្រោះថារដូវនេះជារដូវភ្លៀងធ្លាក់ វានឹងងាយកើតជំងឺដង្កាត់ផ្សេងៗ ជាពិសេសជំងឺគ្រុនឈាមតែម្ដង ត្រូវចេះអនាម័យដោយរស់នៅស្អាត ផឹកស្អាត ហូបស្អាតជានិច្ច។

សូមបញ្ជាក់ថា ទេយ្យទាន និងទៀនព្រះវស្សា ដែលនាំយកមកប្រគេននាពេលនេះរួមមាន៖ ទៀនព្រះវស្សាចំនួន១គូ, ជើងទ្រទាន៤, អង្ករ២០០គីឡូក្រាម, មី១កេសធំ, ស្ករស១០គីឡូក្រាម, ទឹកបរិសុទ្ធ២កេស, ទឹកក្រូច២កេស, ទឹកត្រី ទឹកស៊ីអ៊ីវ៣យួរ និងថវិកា១លានរៀល។ ដោយឡែកលោក ម៉ៅ ធនិន ក៏បានជូនថវិកាផ្ទាល់ខ្លួនចំនួន៤លានរៀល សម្រាប់ចូលរួមចាក់ខឿនសាលាបឋមសិក្សាដូនអន, ជូនលោកតាលោកយាយ ក្រណាត់ស១ដុំ និងថវិកា១ម៉ឺនរៀល និងជូនប្រជាពលរដ្ឋ ដែលបានចូលរួម ក្នុងម្នាក់ៗទទួលបានសារុងម្នាក់១។ ចំពោះវត្តដែលអាត់ខាត់ផ្សេងៗដទៃទៀត លោកអភិបាលខេត្ត នឹងរៀបចំប្រគេនជារួមនៅបូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ជាពេលឆាប់ខាងមុខនេះផងដែរ៕