(បន្ទាយមានជ័យ)៖ លោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានស្នើឱ្យលោក Michael A.Newbill ភារធារី នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពជា ដែលបានមកធ្វើទស្សនកិច្ចសិក្សា ស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច ការរស់នៅប្រជាពលរដ្ឋ និងភាពរីកចម្រើនរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ជួយជំរុញវិនិយោគិនអាមេរិក មកធ្វើការវិយោគបន្ថែមទៀតឱ្យបានកាន់តែច្រើន នៅលើទឹកដីខេត្តបន្ទាយមានជ័យ។

លោក អ៊ុ រាត្រី បានថ្លែងស្នើរយ៉ាងដូចនេះព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ទទួលជួបពិភាក្សាការងារជាមួយ ប្រតិភូស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ដែលបានមកធ្វើទស្សនកិច្ចសិក្សា នៅក្នុងខេត្តបន្ទាយមានជ័យ។

លោកបានថ្លែងបន្តទៅកាន់ប្រតិភូស្ថានទូតសហរដ្ឋអាមេរិកទៀតថា ខេត្តបន្ទាយមានជ័យ ជាខេត្តដែលជាប់ព្រំដែន កម្ពុជា-ថៃ កាលពីអតីតកាលជាសមរភូមិសង្រ្គាមក្តៅគគុក។ ក្រោយពីប្រទេស កម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ខេត្តបន្ទាយមានជ័យ បាននិងកំពុងមានការអភិវឌ្ឍន៍ រីកចម្រើនគ្រប់វិស័យ។ មិនតែប៉ុណ្ណោះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយ ដោយប្រែក្លាយតំបន់ព្រំដែន ជាព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិឌ្ឍន៍ឱ្យរីកចម្រើន ហើយខេត្តបន្ទាយមានជ័យមានស្រុក ក្រុងចំនួន ៩ ដោយមានច្រកអន្តរជាតិ២ និងច្រកតំបន់ព្រំដែនចំនួន ២រវាងកម្ពុជា-ថៃ។

លោកបានបន្ថែមថា ប្រជាពលរដ្ឋខេត្តបន្ទាយមានជ័យ ភាគច្រើនប្រកមុខរបរកសិកម្ម បច្ចុប្បន្ននេះខេត្ត មានសក្តានុពលផ្នែកកសិកម្ម ជាពិសេសលើដំណាំឧស្សាហកម្ម ហើយខេត្តក៏មានតំបន់ពិសេស នៅក្រុងប៉ោយប៉ែត រោងចក្រភាគច្រើនវិនិយោគិនមកពីប្រទេសជប៉ុន។

លោក Michael A.Newbill បានជម្រាបជូនអភិបាលខេត្តបន្ទាយមានជ័យថា ការមកធ្វើទស្សនកិច្ចរបស់លោកនៅពេលនេះ ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពសេដ្ឋកិច្ច ការរស់នៅប្រជាពលរដ្ឋ បញ្ហាសុខភាពប្រជាពលរដ្ឋ និងការវិនិយោគ ព្រមទាំងភាពរីកចម្រើនរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យផងដែរ៕