(រនគិរី)៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋ និងមន្ត្រីរាជការ តាមមន្ទីរអង្គភាពចូលរួមថែរក្សាសមិទ្ធផលរួមរបស់ជាតិ តាមរយៈការមិនចោលសំរាមក្នុងលូ តាមដងផ្លូវ និងមិនរំលោភលើចិញ្ចើមផ្លូវសាធារណៈ សំអាតអនាម័យ ព្រោះបញ្ហាអនាម័យបរិស្ថាន គឺជាកាតព្វកិច្ចរបស់ពលរដ្ឋម្នាក់ៗ។

ការជំរុញរបស់លោកអភិបាលខេត្តបែបនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងពិធីសម្ភោធបើកការដ្ឋានស្ថាបនាផ្លូវកៅស៊ូ DBSTដាក់លូទឹក រៀបចំសួនច្បារលើកំណាត់ផ្លូវលេខ៥០ និងផ្លូវលេខ៤៦ ស្ថិតក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ។

ពិធីខាងលើនេះ ក៏មានការចូលរួមពីលោក សុខ ហម សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាព សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើនរយនាក់។

លោក ថង សាវុន បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ជាសមិទ្ធផលក្រោមគំនិតផ្តួចផ្តើមរបស់លោកព្រឹទ្ធាចារ្យ ប៊ូ ថង ដែលជាស្ថាបនិកទីក្រុងបានលុង ទោះបីពេលនេះរូបលោក កំពុងសម្រាកព្យាបាលជំងឺ ប៉ុន្តែលោកតែងតែគិតគូរ និងផ្ញើសេចក្តីនឹករលឹកប្រជាពលរដ្ឋ នៅក្នុងខេត្តរតនគិរី។

លោកថា ជាពិសេសជានិច្ចកាល លោកព្រឹទ្ធាចារ្យ ប៊ូ ថង តែងតែណែនាំដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ឲ្យបន្តធ្វើការអភិវឌ្ឍន៍ខេត្តរតនគិរី ឲ្យមានការរីកចំរើនលើគ្រប់វិស័យ ជាក់ស្តែងផ្លូវលេខ៥០ ដែលនឹងធ្វើការស្ថាបនាក្រាលកៅស៊ូនេះ ជាគំនិតផ្តួចផ្តើមរបស់លោកផ្ទាល់ គឺដើម្បីលើកស្ទួយ សោភ័ណ្ឌភាពទីរួមខេត្ត និងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

ជាមួយគ្នានោះ លោកបានបញ្ជាក់ថា បន្ទាប់ពីស្ថាបនារួចរាល់ ផ្លូវលេខ៥០នេះ នឹងត្រូវប្រសិទ្ធនាម «វិថីនាយឧត្តមសេនីយ៍ ប៊ូ ថង» ដើម្បីតបស្នងសងគុណរបស់លោកព្រឹទ្ធាចារ្យ ប៊ូ ថង ដែលលោកធ្លាប់បានលះបង់ អាយុជីវិតដ៏ថ្លៃថ្លារួម បង្កើតចលនាតស៊ូរំដោះប្រទេសជាតិមាតុភូមិកម្ពុជា ចេញពីភ្នក់ភ្លើងសង្គ្រាមកាលពីអតីតកាល និងជាស្ថាបនិកទីក្រុងបានលុង នាពេលសព្វថ្ងៃនេះ។

ក្នុងនោះផងដែរ លោកអភិបាលខេត្ត ក៏ស្នើដល់មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ដែលជាអ្នកទទួលអនុវត្តគម្រោងចាំបាច់ ត្រូវធ្វើការជួសជុល និងស្ថាបនាផ្លូវនេះ ឲ្យមានគុណភាពល្អ ស្របតាមគំនូសប្លង់ និងបទដ្ឋានបច្ចេកទេស ដែលមានស្រាប់។

សូមបញ្ជាក់ថា កំណាត់លេខ៥០ ដែលនឹងស្ថាបនាក្រាលកៅស៊ូប្រភេទ DBST នេះ គឺចាប់ពីកែងលេខ២៣ ដល់ផ្លូវលេខ ៧៨A មានប្រវែងសរុប៩៥០ម៉ែត្រ ទទឹង១៨.២ម៉ែត្រ ក្នុងនោះ មានចិញ្ចើមផ្លូវបេតុង អាមេទទឹង០.៨ម៉ែត្រ មានទំហំសរុប១៨,៣២៩ម៉ែត្រការ៉េ។ មានកប់លូបេតុងអាមេ មានក្រាលការ៉ូឡាសងខាងផ្លូវ និងរៀបសួនច្បារកណ្តាលទ្រូងផ្លូវ ប្រវែង៥៤០ម៉ែត្រផងដែរ៕