(បាត់ដំបង)៖ សាកលវិទ្យាល័យបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ បាននិងកំពុងរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីការចាប់ផ្តើម នៃគម្រោងកែលម្អការអប់រំនៅថ្នាក់ឧត្តមសិក្សា សម្រាប់សាកលវិទ្យាល័យបាត់ដំបង ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក និងក្រសួងអប់រំ យុវជន និងកីឡា។

សិក្ខាសាលានេះ ត្រូវបានធ្វើឡើងនៅសណ្ឋាគារ ខេមរាបាត់ដំបង ១ ក្រុងបាត់ដំបង ក្រោមអធិបតីភាព លោកស្រី សៀង ឯមទទឹម សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង និងជាប្រធានគម្រោងកែលម្អ ការអប់រំនៅថ្នាក់ឧត្តមសិក្សា សម្រាប់សាកលវិទ្យាល័យបាត់ដំបង។

សិក្ខាសាលានេះ មានរយៈពេល ០២ ថ្ងៃគឺចាប់ពីថ្ងៃទី ២៣ ដល់ ២៤ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួមពីមន្ទីរ ស្ថាប័នពាក់ព័ន្ធនានា ក្នុងខេត្តបាត់ដំបង និងខេត្តជុំវិញ ព្រមទាំងតំណាងអង្គការមិនមែនរដ្ឋាភិបាល វិទ្យាល័យនានាក្នុងខេត្តបាត់ដំបង និងបុគ្គលិកគម្រោងប្រមាណជាង១០០នាក់។

សូមជម្រាបជូនផងដែរថា នាពេលថ្មីៗនេះ ធនាគារពិភពលោកបានផ្តល់នូវហិរញ្ញប្បទាន ចំនួន ៩០ លានដុល្លារអាមេរិក និងថវិកាបដិភាគពីរាជរដ្ឋាភិបាលកម្ពុជាចំនួន២.៥ លានដុល្លារអាមេរិក តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដាក់ឲ្យដំណើរការគម្រោងកែលម្អការអប់រំ នៅតាមស្ថាប័នថ្នាក់ឧត្តមសិក្សាសាធារណៈចំនួន៥ នៅកម្ពុជា។

ក្នុងនោះ សាកលវិទ្យាល័យបាត់ដំបង ដែលជាសាកលវិទ្យាល័យ មានសក្តានុពលនៅភូមិភាគពាយ័ព្យ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា បានជ្រើសរើសក្នុងការអនុវត្តនូវគម្រោងនេះ ដោយបានទទួលហិរញ្ញប្បទាន ចំនួន៥លានដុល្លារអាមេរិក។ គម្រោងនេះ មានរយៈពេល ០៦ ឆ្នាំ ដែលបានចាប់ផ្តើមតាំងពីខែកក្កដា ឆ្នាំ២០១៨មកម្ល៉េះ ហើយនឹងត្រូវបញ្ចប់ នៅ ខែមិថុនា ឆ្នាំ២០២៤ខាងមុខនេះ។

គោលបំណង នៃគម្រោងកែលម្អការអប់រំថ្នាក់ឧត្តមសិក្សានេះ គឺដើម្បីកែលម្អគុណភាពនៃការអប់រំថ្នាក់ឧត្តមសិក្សា និងការស្រាវជ្រាវជាចម្បងនៅក្នុងវិស័យវិទ្យាសាស្ត្រ (ស្ទែម-STEM) វិស័យកសិកម្ម និងវិស័យគាំទ្រនានា ដែលក្នុងនោះគោលដៅដែលត្រូវដាក់ឲ្យអនុវត្តនូវគម្រោងនេះ គឺសា្ថប័នថ្នាក់ឧត្តមសិក្សា។ គម្រោងកែលម្អការអប់រំថ្នាក់ឧត្តមសិក្សានេះ ផ្តោតលើ៖

* ការបង្កើនសមត្ថភាពការបង្រៀន និងរៀន
* កែលម្អការស្រាវជ្រាវ នៅក្នុងវិស័យវិទ្យាសាស្ត្រ (ស្ទែម-STEM) និងវិស័យកសិកម្ម
* ពង្រឹងអភិបាលកិច្ចតាមវិស័យផ្សេងៗ និងការគ្រប់គ្រងគម្រោង

សូមថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា និងធនាគារពិភពលោក ដែលបានបានផ្តល់ហិរញ្ញប្បទាន ក្នុងការវិនិយោគលើវិស័យអប់រំ នៅកម្ពុជា និងដើម្បីផលិតធនធានមនុស្ស ប្រកបដោយគុណភាពសម្រាប់ធ្វើការអភិវឌ្ឍន៍ប្រទេស ឲ្យស្មើមុខស្មើមាត់លើឆាកអន្តរជាតិ៕