(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ នាល្ងាចថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០១៩ បានអញ្ជើញចុះពិនិត្យការដ្ឋានសាងសង់ និងនាំយកថវិកា ១០លានរៀលបន្ថែម ដើម្បីពន្លឺនដល់សំណង់ អគារសិក្សា១ខ្នង នៅក្នុងសាលាបឋមសិក្សាភូមិព្រែកប្រលួង ឃុំសោប ស្រុកព្រែកប្រសព្វ។

លោកអភិបាលខេត្ត បានលើកឡើងថា សំណង់អគារសិក្សា១ខ្នង មាន៤បន្ទប់ មានគម្រោងចំណាយក្នុងការសាងសង់ប្រមាណជាង ៤ម៉ឺនដុល្លារ ដែលគំនិតផ្ដួចផ្ដើមពីប្រជាសហគមន៍ ក្នុងភូមិព្រែកប្រលូង ដោយមានកិច្ចសហការឧបត្ថម្ភពីសំណាក់ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធចំណុះជើងវត្ត៥០ភាគរយ និង៥០ភាគរយទៀតជាភារកិច្ចសហគមន៍ រួមនិង អាជ្ញាធរខេត្ត-ស្រុក និងក្រុមការងារចុះជួយឃុំ។

ចំពោះគ្រឿងបរិក្ខាសាលា ដែលមានដូចជា តុ កៅអី ក្ដាខៀន ជាបន្ទុករបស់មន្ទីរអប់រំខេត្ត ជាអ្នកផ្ដល់ជូន។ ជាក់ស្ដែងរហូតដល់ពេលនេះ លោកបានជួយឧបត្ថម្ភសរុប ១២លាន ៤សែនរៀល និងបន្តអំពាវនាវគៀងគរ រកមូលនិធិបន្ថែមដើម្បីឲ្យដំណើការសាងសង់នេះ ទទួលបានជោគជ័យ១០០ភាគរយ។

លោកអភិបាលខេត្ត បានបញ្ជាក់ទៀតថា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសន្តិសុខ សន្តិភាព និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ និងធ្វើឲ្យមានកំណើនសេដ្ឋកិច្ច ទាំងសង្គមជាតិ ទាំងសង្គមគ្រួសារ និងនាំឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ហើយបានបរិច្ចាកធនធាន ក្នុងការរួមចំណែកជួយដល់សង្គម។

លោកថា ជាក់ ស្ដែងដូចជាពេលនេះ យើងបាន និងកំពុងរួមគ្នាបរិច្ចាកនូវធនធាន ទៅតាមសទ្ធាដែលមាន ដើម្បីកសាងនូវសមិទ្ធផលទុកសម្រាប់ក្មួយៗ សិស្សានុសិស្សបន្តទៀត ។

ជាមួយគ្នានោះ លោក វ៉ា ថន បានណែនាំអាជ្ញាធរ និងប្រជាសហគមន៍ត្រូវខិតខំធ្វើ យ៉ាងណា ឲ្យការសាសង់អាគារសិក្សានេះ ឲ្យទទួលបានជោគជ័យតាមគម្រោងផែការ ដើម្បីបង្កលក្ខណៈដល់ក្មួយជាកូនចៅ ប្រជាពលរដ្ឋបានចូលសិក្សារៀនសូត្រគ្រប់ៗគ្នា៕