(ភ្នំពេញ)៖ នគរបាលចរាចរណ៍ខណ្ឌ៧មករា រួមទាំងការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តចុះយុទ្ធនាការ ការដាក់គោលដៅសំខាន់ៗ ក្នុងមូលដ្ឋានខណ្ឌ ដើម្បី អនុវត្តច្បាប់ចរាចរណ៍លើអ្នកបើកបរម៉ូតូ ឬម៉ូតូកង់បីអត់ពាក់មួកសុវត្ថិភាពយ៉ាងតឹងរឹង។

លោកវរសេនីយឯក នេត ស៊ីថុន អធិការនគបាលខណ្ឌ៧មករា បានឲ្យអង្គភាពព័ត៌មាន Fresh News បានដឹងថា សម្រាប់ប្រចាំថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩យប់មិញ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌ៧មករា បានចុះអនុវត្តន៍ច្បាប់គោលដៅ (១៣ជាន់) លើមហាវិថីនេហរុន៍ (២១៥ ) ស្តិតក្នុងសង្កាត់វាលវង់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ខ លោកអនុសេនីយ៍ឯក ង៉ែត សារុន នាយរងផ្នែក រួមជាមួយកម្លាំងសរុបចំនួន ១២នាក់ កម្លាំងផ្នែកជំនាញ ៨នាក់ កម្លាំងអន្តរាគមន៍ ២នាក់ និងកម្លាំងប៉ុស្តិ៍រដ្ឋបាល ២នាក់។

លោក នេត ស៊ីថុន បានបន្ថែមថា នៅក្នុងយុ​ទ្ធនាការនេះ អ្នកបើកបរមិនពាក់មួកសុវត្តិភាពចំនួន៧៤នាក់ អ្នករួមដំណើរ ៦៥នាក់ និងពុំបានធ្វើការដកហូតមធ្យោបាយ មកអធិការដ្ឋាននគរបាល ខណ្ឌ៧មករាទេ។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំអធិការខណ្ឌទាំង១៤ រួមទាំងការិយាល័យដែលពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយ និងណែនាំទាក់ទងទៅនិង២ករណីផ្សេងគ្នា ដូចខាងក្រោម៖

*ទី១៖ អ្នកបើក និងអ្នកជិះម៉ូតូត្រូវតែពាក់មួកសុវត្ថិភាពជាប្រចាំ ទាំងពេលយប់ និងពេលថ្ងៃ បើមិនពាក់មួកសុវត្ថិភាពទេ សមត្ថកិច្ចនឹងឃាត់ទុកមិនឲ្យបន្តដំណើរទៅមុខទៀតឡើយ រហូតដល់ពេលគាត់ ទៅយកមួកសុវត្ថិភាពមកពាក់ ប៉ុន្តែរយៈពេលមួយខែ ចាប់ពីថ្ងៃផ្សព្វផ្សាយដំណឹងនេះ គឺមិនមានការផាកពិន័យឡើយ។

*ទី២៖ ចាប់ពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩តទៅ កម្លាំងចំរុះរបស់ការិយាល័យចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំងតាមបណ្តាខណ្ឌនានា និងធ្វើការត្រួតពិនិត្យជាប្រចាំ នៅគ្រប់ផ្លូវ ចេញចូលក្រុង ទៅលើអ្នកបើកបរ និងព្រូរថយន្តធំ ដើម្បីត្រួតពិនិត្យរកសារធាតុញៀន និងជាតិស្រវឹង បើរកឃើញកម្លាំង និងឃាត់រថយន្តទុក និងនាំខ្លួនអ្នកបើកបរ និងព្រូយកទៅមជ្ឈមណ្ឌលកែប្រែ និងបន្សាបគ្រឿងញៀនសូមក្រុមហ៊ុនដឹកជញ្ជូន ក៏ដូចជា សមាគមអ្នកដឹកជញ្ជូនទាំងអស់ ចូលរួមសហការ ជាមួយសមត្ថកិច្ច ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យមានប្រសិទ្ធភាពខ្ពស់។

នៅរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរផ្លូវគោក ប្រចាំឆមាសទី១ ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរផ្លូវគោក បានថ្លែងថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ពេលបើកបរ នឹងត្រូវឃាត់ មិនឲ្យធ្វើដំណើរទៅមុខ ទាល់តែទាក់ទងរកមួកសុវត្ថិភាពមកពាក់សិន ទើបអនុញ្ញាតឲ្យធ្វើដំណើរទៅមុខបន្ត៕