(ព្រះវិហារ)៖ តើយើងឈឺចាប់ទេនៅពេលឮគេនិយាយ «ចាក់ស្តើងស៊ីក្រាស់ ស៊ីក្រាស់ចាក់ស្តើង»? នេះគឺជាសំណួររបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន សួរទៅកាន់មន្ត្រីបម្រើការងារនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ក្នុងកិច្ចសំណេះសំណាលនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ។

ក្នុងកិច្ចសំណេះសំណាលនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៅក្នុងក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

«ចាក់ស្តើងស៊ីក្រាស់ ស៊ីក្រាស់ចាក់ស្តើង» ជាពាក្យដែលប្រជាពលរដ្ឋនិយមប្រើនិយាយផ្លែផ្កាឱ្យមន្ត្រីទទួលភារកិច្ចលើការសាងសង់ផ្លូវ។ ពោលពាក្យនេះ គេចង់មានន័យថា នៅពេលមន្ត្រីពុករលួយទទួលលុយពីការសាងសងង់ផ្លូវ នឹងធ្វើឱ្យផ្លូវនោះមិនមានគុណភាព ឬឆាប់ខូចទៅវិញជាដើម។

ជាមួយការចោទជាសំណួរបែបនេះហើយ លោក ស៊ុន ចាន់ថុល បានក្រើនរំលឹកមន្ត្រីរបស់លោកឱ្យយកចិត្តទុកដាក់ទៅការសាងសង់ផ្លូវនៅក្នុងខេត្ត ក៏ដូចជាផ្លូវជាតិជាដើម។

លោក ស៊ុន ចាន់ថុល បានប្រកាសជំហរថា ចាប់ពីពេលនេះទៅក្រសួងត្រូវការតែផ្លូវដែលធ្វើជាប់យូរប៉ុណ្ណោះ ពោលក្រសួងឈប់ទទួលផ្លូវទាំងឡាយណា ដែលសាងសង់មិនមានគុណភាពទៀតនោះឡើយ។

លោករដ្ឋមន្ត្រី ក៏បានណែនាំឱ្យមានការពិនិត្យឱ្យបានល្អិតល្អន់ទៅលើផ្លូវនីមួយៗមុនចុះហត្ថលេខាទទួលពីក្រុមហុ៊នសាងសង់ ដើម្បីកុំឱ្យទទួលរងការរិះគន់ពីប្រជាពលរដ្ឋ៕