(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំបើកកម្មវិធីបង្កើនការយល់ដឹងពីការប្រើប្រាស់ និងការអនុវត្តប្រព័ន្ធប្រព័ន្ធបច្ចេកវិទ្យា័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានដឹកនាំបើកកម្មវិធីបង្កើនការយល់ដឹង ស្តីពីការអនុវត្តប្រព័ន្ធ FMIS នេះ។

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានរំលេចពីសកម្មភាពការងារ របស់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលបានអនុវត្តតាម «ផែនការពង្រីកការអនុវត្តប្រព័ន្ធ FMIS ជំហ៊ានទី២ ឆ្នាំ២១៧-២២» ដោយបានបំពេញនូវតួនាទីភារកិចរបស់ខ្លួន លើការអនុវត្តផែនការសកម្មភាពគាំទ្រ ដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រេចបាននូវការងារសំខាន់ៗជាច្រើនរួមមាន៖ ផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ, ផ្នែកនីតិវិធីអនុវត្តការងារ និងផ្នែករៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ប្រព័ន្ធ FMIS ជាដើម។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប លើកឡើងថា ការបង្កើនការយល់ដឹងស្តីពីការអនុវត្តប្រព័ន្ធ FMIS ផ្ទាល់លើប្រតិបត្តិការហិរញ្ញវត្ថុ និងថវិកានេះមានគោលបំណងសំខាន់២៖

១៖ ដើម្បីឱ្យក្រសួង-ស្ថាប័នចំនួន១៧ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រព័ន្ធ FMIS តាមរយៈការបង្ហាញផ្ទាល់របស់មន្ត្រីដែលបាន និងកំពុងប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមក្រសួងសាមី និងអគ្គនាយកដ្ឋានពាក់ព័ន្ធ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

២៖ ដើម្បីបំផុសឱ្យក្រសួង-ស្ថាប័នត្រៀមខ្លួនគិតគូរ អំពីការផ្លាស់ប្តូរដែលនឹងកើតមានឡើងនៅឆ្នាំ២០២០ និងដើម្បីផ្តល់នូវមូលដ្ឋានគ្រឹះជាក់លាក់ និងឈានដល់ការកាត់បន្ថយ នីតិវិធីអនុវត្តការងារមួយចំនួន និងដើម្បីត្រៀមលក្ខណៈ ធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ FMIS, បន្តឈានទៅលុបបំបាត់ចោលនីតិវិធីអនុវត្តការងារ និងឯកសារក្រដាសស្នាមនៅក្រៅប្រព័ន្ធ FMIS ទាំងស្រុងនាពេលអនាគត។

លោកបណ្ឌិតបានបន្ដថា នេះជាកិច្ចការដ៏សំខាន់មួយ ក្នុងក្របខណ្យុទ្ធសាស្រ្ត ការគ្រប់គ្រងការផ្លាស់ប្តូរ ដែលនឹងជំរុញឱ្យក្រសួងស្ថាប័នចំនួន១៧ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ស្វែងយល់ឱ្យកាន់តែច្បាស់អំពីដំណើរចុះប្រតិបត្តិការនៅ ក្នុងប្រព័ន្ធ FMIS ដោយផ្តើមចេញពីការធ្វើនិយ័តថវិកាផ្ទៃក្នុង ការចុះប្រតិបត្តិការស្នើសុំធានាចំណាយ សម្រាប់កិច្ចលទ្ធកម្ម, ការកត់ត្រាកិចលទ្ធកម្មលើសិទ្ធិ, ការទូទាត់ចំណាយកិចលទ្ធកម្ម និងការទាញយករបាយការណ៍ចំណូល-ចំណាយថវិកាជាតិ។

លោកបណ្ឌិតបានបញ្ជាក់ថា ម្យ៉ាងវិញទៀតកម្មវិធីនេះ នឹងអាចចូលរួមបំផុសឱ្យក្រសួង-ស្ថាប័នត្រៀមខ្លួន គិតគូរអំពីការផ្លាស់ប្តូរនៅឆ្នាំ២០២០ខាងមុខ តាមរយៈការស្វែងយល់អំពីលទ្ធភាព កែលម្អនីតិវិធីអនុវត្តការងារ របស់ខ្លួនជាបណ្តើរៗ ដើម្បីឈានទៅដល់ការកាត់បន្ថយនីតិវិធី និងភាពស្មុគស្មាញ ក្នុងការអនុវត្តការងារមួយចំនួន និងការត្រៀមលក្ខណៈ ធ្វើសមាហរណកម្មចូលក្នុងប្រព័ន្ធ FMIS និងអាចបន្តឈានទៅលុបបំបាត់ចោល នូវនីតិវិធីការងារ ដែលប្រើឯកសារក្រដាសស្នាម នៅក្រៅប្រព័ន្ធ FMIS ទាំងស្រុងនាពេលអនាគត។

លោកបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានរំលឹកជាថ្មីម្តងទៀត អំពីការដាក់ចេញនូវផែនការសកម្មភាព សម្រាប់ក្រុមការងារគ្រប់គ្រងគម្រោង FMIS ក្នុងការសិក្សាកាត់បន្ថយ ជាអតិបរមនីតិវិធី អនុវត្តការងារដោយដៃមកធ្វើ តាមប្រព័ន្ធដោយចាប់ផ្តើមសាកល្បងចេញពី មុខចំណាយពាក់ព័ន្ធនឹងការបើកផ្តល់បៀវត្ស តាមរយៈការកាត់សម្រួល នីតិវិធីមួយចំនួនដោយឈរលើមូលដ្ឋាន «កែសម្រួលមុខងារ តួនាទី និងភារកិចរបស់មន្រ្តីពីការធ្វើការងារដដែលៗ ជាន់គ្នា ទៅជាការងារវិភាគនានា និងការរៀបចំជាយន្តការ, យុទ្ធសាស្ត្រ និង គោលនយោបាយ»

បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានវាយតម្លៃខ្ពស់អំពីការចាប់ផ្តើមអនុវត្តដំណើរការនេះ ថាជានិមិត្តរូបនៃវឌ្ឍនភាពដ៏ធំឆ្ពោះ ទៅកាន់ការប្រើប្រាស់ប្រព័ន្ធ FMIS ជាប្រព័ន្ធតែមួយគត់ និងជាឧបករណ៍ដ៏សំខាន់ក្នុងការគាំទ្រ ដោយផ្ទាល់ទៅលើការអនុវត្តកម្មវិធីគន្លឹះនានា នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ហើយនឹងរួមចំណែកធ្វើឱ្យប្រទេសកម្ពុជា ប្រែក្លាយទៅជារដ្ឋាភិបាលឌីជីថល ក្នុងវិស័យហិរញ្ញវត្ថុ ស្របតាមបរិការណ៍ «បដិវត្តឧស្សាហកម្មទី៤» ។

លោកបណ្ឌិតបញ្ជាក់ថា ជាក់ស្តែងការប្រើប្រាស់ប្រព័ន្ធ FMIS អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើន ជាពិសេសការលើកកម្ពស់គុណភាពនៃ ការផលិតរបាយការណ៍ និងការទាញយករបាយការណ៍ តាមតម្រូវការចាំបាចផ្ទាល់របស់ក្រសួងសាមីនីមួយៗ ក្រៅពីរបាយការណ៍ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវការ។ ទន្ទឹមនេះក្រសួងក៏អាចតាមដានឥណទានថវិកាដោយផ្ទាល់ ក្នុងប្រព័ន្ធព្រមទាំងអាចតាមដានដំណើរការ អនុវត្តថវិកាតាមរយៈលំហូរការងារ ក្នុងប្រព័ន្ធ FMIS ចាប់តាំងពីពេលបញ្ជូនសំណើ, ពេលត្រួតពិនិត្យ និងពេលអនុម័តរួចជាដើម។

លោកបណ្ឌិតសភាចារ្យបានស្នើដល់តំណាងមក ពីគ្រប់ក្រសួងស្ថាប័នចូលរួមផ្តល់ យោបល់ពាក់ព័ន្ធ នឹងការកាត់បន្ថយនីតិវិធីអនុវត្តការងារក្រៅប្រព័ន្ធ ដើម្បីកែលមួឱ្យការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) កាន់តែមានភាពល្អប្រសើរ, មានផលិតភាពខ្ពស់ និងទទួលបាននូវអត្ថប្រយោជន៍ជាអតិបរមា ព្រមទាំងលើកទឹកចិត្ត ដល់អ្នកចូលរួមទាំងអស់ផ្តោតការយកចិត្តទុកដាក់ ប្រមូលនូវទុនចំណេះដឹងបន្ថែម និងកាន់តែស៊ីជម្រៅអំពីការប្រើប្រាស់ និងអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ (FMIS)៕