(កំពង់ចាម)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញឱ្យអាជ្ញាធរខេត្តកំពង់ចាម បង្កើនការត្រៀមលក្ខណៈ ជួយសង្គ្រោះប្រជាពរដ្ឋរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ ឱ្យទាន់ពេលវេលា ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយ។

ការជំរុញបែបនេះ របស់លោកទេសរដ្ឋមន្ត្រី គន់ គីម បានធ្វើឡើងនាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ មិ្សលមិញ ក្នុងឱកាសដែលោកបានអញ្ជើញ បើកិច្ចប្រជុំស្តីពី «ការត្រួតពិនិត្យ ការងារត្រៀមបង្ការ និងសង្រ្គោះគ្រោះមហន្តរាយ រយៈពេល៦ខែដើមឆ្នាំ» ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្ត ព្រមទាំងមន្ត្រីរាជការ តាមមន្ទីស្ថាប័នពាក់ពន្ធ័ កម្លាំងប្រដាប់អាវុធ អង្គការដៃគូរ និងអាជ្ញាធរ ក្រុងស្រុក ឃុំសង្កាត់ ទូទាំងខេត្តចំនួន ៤៣២នាក់។

បន្ទាប់ពីបាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនដល់សមាជិកអង្គប្រជុំក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ទាំងមូលរួចមក លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំដល់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តកំពង់ចាម និងមន្រ្ដីពាក់ព័ន្ធ ធ្វើរបាយការណ៍ពីផលប៉ះពាល់ និងតម្រូវការប្រជាពលរដ្ឋឱ្យបានច្បាស់ ដើម្បីងាយស្រួលក្រសួង ស្ថាប័នជំនាញចាត់វិធានការណ៍ ជួយប្រជាពលរដ្ឋ និងត្រូវតាមដានជាប់ជាប្រចាំនូវស្ថានភាពគ្រោះមហន្តរាយធម្មជាតិ ហើយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យបានយល់ និងត្រៀមលក្ខណៈជាមុន ការការពារទឹកជំនន់ បញ្ហាសុខភាព និងគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។

ទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ថា ក្នុងការត្រៀមបង្កាចំពោះគ្រោះមហន្តរាយនេះ គឺត្រូវឆ្លើយតបឱ្យបានទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព គឺជាគោលដៅរបស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមាន សម្តេចតេជោ ជាប្រធាន ហេតុនេះមន្ត្រីយើង ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋាន ត្រូវធ្វើជាសេនាធិការដ៏ល្អដល់សម្តេចប្រធាន ក្នុងស្មារតីទទួលខុសត្រូខ្ពស់ ក្នុងការបំពេញភារកិច្ច និងត្រូវមានការត្រៀមបម្រុង ដោយធ្វើការហ្វឹកហាត់ត្រៀមទុកជាមុន សម្រាប់ឆ្លើយតបគ្រោះភ័យនៃគ្រោះមហន្តរាយកើតឡើងជាយថាហេតុ៕

លោក អ៊ុន ចាន់ដា បានថ្លែងថា បណ្តាលផ្នែកពាក់ព័ន្ធ ក្នុងខេត្តកំពង់ចាម ទាំងមូលបានយកចិត្តទុកដាក់ខ្ពស់ និងជាប្រចាំក្នុងការពិនិត្យ តាមដានស្ថានភាពទឹកជំនន់ ការត្រៀមបង្ការ និងសង្គ្រោះគ្រោះមហន្តរាយផ្សេងៗ នៅទូទាំខេត្ត ដើម្បីបញ្ចៀសការខូចខាត ធ្ងន់ធ្ងរបន្ថែមទៀត។

កន្លងមកបានបង្កផលប៉ះពាល់ដល់ក្រុង ស្រុក ចំនួន៦ បង្ករដោយ ខ្យល់កន្រ្ទាក់ និងគ្រោះអគ្គីភ័យ ក្នុងនោះដែរមានស្រុកចំនួន១ ដែលជាបញ្ហាប្រឈមរបស់ខេត្ត គឺករណីបាក់ស្រុតច្រាំងទន្លេរ បង្កឱ្យមានការបាក់១៩កន្លែង ប្រវែង៣៣,៨៤២ម៉ែត្រ ដែលប្រឈមនឹងការរុះរើរផ្ទះ ប្រជាពលរដ្ឋចំនួន ៥៥២ខ្នង និងសាលាឃុំ១កន្លែង ព្រមទាំងស្នើរសុំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជួយអន្តរាគមន៍ផងដែ។