(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ជាពិសី និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ បានបន្តដឹកនាំសហការី ក្នុងការនាំយកគ្រឿងឧបភោគបរិភោគ និងថវិការបស់អនុសាខាខណ្ឌ មកចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនប្រជាពលរដ្ឋចាស់ជរា កំពុងមានជីវភាពខ្វះខាតដែលងាយរងគ្រោះមួយចំនួន ស្ថិតនៅភូមិ១ សង្កាត់ ច្រាំងចំរេះទី១ ក្រោយពីនាំយកគ្រឿងឧបភោគបរិភោគដដែលនេះ ឧបត្ថម្ភជួយពលរដ្ឋមានជីវភាពខ្វះខាត មានជំងឺរ៉ាំរ៉ៃ និងចាស់ជរាគ្មានទីពឹង ដែលងាយរងគ្រោះ ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក។

នាឱកាសប្រគល់ និងទទួលអំណោយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះ ប្រជាពលរដ្ឋពិតជាមានទឹកមុខញញឹម សប្បាយរីយរាយ ដោយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានយកចិត្តទុកដាក់ជួយដល់ពួកគាត់កំពុងជួបបញ្ហាខ្វះខាត ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាមរយៈលោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ព្រមទាំងសហការីផងដែរ។

ជាមួយការថ្លែងអំណរគុណនេះដែរ លោកស្រី អាន ផល្លា ជា ពិសី បានថ្លែងថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកាដែលក្រុមការងារ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះ តាមការផ្ដាំផ្ញើ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែគិតគូរតាមជាក់ស្ដែងព្រោះនៅទីណាឲ្យតែមានប្រជាពលរដ្ឋ ងាយរងគ្រោះ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា ជានិច្ច ដូចជាក្នុងពេលនេះ បើទោះបីជាអំណោយមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា។

សូមជម្រាបថា លោកស្រី អាន ផល្លា ជាពិសី និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក៏បានបន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិការបស់អនុសាខាខណ្ឌ មកចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត មានជំងឺរ៉ាំរ៉ៃ និងចាស់ជរាគ្មានទីពឹង ដែលងាយរងគ្រោះមួយចំនួន ដើម្បីជួយសម្រួលដល់ជីវភាព ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក។

អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ នាពេលនេះសរុបរួមមាន៖ អង្ករ ១០០គីឡូក្រាម, ឃីត០៥កញ្ចប់ ទឹកស៉ីវអ៉ីវ-ទឹកម្ទេស ចំនួន៥០ដប និងថវិកាមួយចំនួន៕