(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីបំភ្លឺរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលច្រានចោលការប្រឌិតព័ត៌មានរបស់ សារព័ត៌មាន The Wall Street Journal របស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងមូលដ្ឋានទ័ពចិន នៅកម្ពុជា។

ក្នុងសេចក្តីបំភ្លឺដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកនេះ គឺសម្តេចតេជោ ហ៊ុន សែន បានច្រានចោលយ៉ាងដាច់អហង្ការចំពោះព័ត៌មានប្រឌិត ចេញផ្សាយដោយសារព័ត៌មាន The Wall Street Journal ដែលចោទប្រកាន់កម្ពុជាថា បានចុះកិច្ចព្រមព្រៀងដោយសម្ងាត់មួយ អនុញ្ញាតឱ្យយោធាចិនប្រើប្រាស់ដោយផ្តាច់មុខនូវមូលដ្ឋានកងទ័ពជើងទឹករាម ក្បែរខេត្តព្រះសីហនុ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ចាត់ទុកព័ត៌មានប្រឌិតចុងក្រោយនេះថា ជាចេតនាដ៏អាក្រក់បំផុតប្រឆាំងជាមួយកម្ពុជា។ ....«គ្មានរឿងបែបនេះកើតឡើងនោះទេ ព្រោះមូលដ្ឋានយោធាបរទេសវាបានប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់កម្ពុជា»

សម្តេចតេជោនាយករដ្ឋមន្ត្រី មានប្រសាសន៍អះអាងច្បាស់ៗថា «តើកម្ពុជាត្រូវការវត្តមានយោធាចិនលើទឹកដីរបស់ខ្លួនដើម្បីអ្វី? យើងមិនដែលបានពិភាក្សាណាមួយ ជាមួយមេដឹកនាំចិននោះឡើយ កុំថាឡើយដល់មានចុះហត្ថលេខាលើកិច្ចព្រមព្រៀង។ *ល្មមឈប់ប្រើព័ត៌មានក្លែងបន្លំអំពីវត្តមានកងទ័ពចិនលើទឹកដីកម្ពុជា ដើម្បីប្រឆាំងនឹងយើងហើយ ....»

សូមបញ្ជាក់ថា សារព័ត៌មានបរទេសមួយចំនួនក្នុងនោះមានទាំង VOA ផងបានចេញផ្សាយដកស្រង់តាម សារព័ត៌មាន The Wall Street Journal ថា «ប្រទេសចិនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាសម្ងាត់មួយ ដើម្បីអនុញ្ញាតឲ្យកងទ័ពរបស់ខ្លួន ប្រើប្រាស់មូលដ្ឋានទ័ពជើងទឹកកម្ពុជា។ កិច្ចព្រមព្រៀងនោះគឺកម្ពុជាផ្តល់ឲ្យភាគីចិននូវសិទ្ធិផ្តាច់មុខ ធ្វើជាមូលដ្ឋានទាហានជើងទឹកចិនជាផ្នែកមួយនៅឈូងសមុទ្រខ្មែរ ហើយនៅជិតព្រលានយន្តហោះធំមួយ ដែលកសាងដោយចិននឹងអនុញ្ញាតឲ្យចិនប្រើជាមូលដ្ឋានយោធារយៈពេល៣០ឆ្នាំ ដាក់ទ័ព ដាក់គ្រឿងសព្វាវុធ កន្លែងចតជាដើម»

ការផ្សព្វផ្សាយព័ត៌មានគ្មានមូលដ្ឋាននេះ ធ្វើឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីប្រមុខរាជរដ្ឋាភិបាល ប្រមុខក្រសួងការពារជាតិ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ ឈុំ សុជាត បានចាត់ទុកថា ការប្រឌិតព័ត៌មានរបស់សារព័ត៌មានសហរដ្ឋអាមេរិក អំពីមូលដ្ឋានទ័ពបរទេសនៅក្នុងប្រទេសកម្ពុជា គឺហាក់មានចេតនាបំផ្លាញសន្តិសុខ និងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់៕