(ពោធិ៍សាត់)៖ ឆ្លើយតបនឹងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ កងកម្លាំងចម្រុះក្នុងស្រុកចំនួន៣ របស់ខេត្តពោធិ៍សាត់ ក្នុងរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានចុះរឹបអូស និងដុតកម្ទេចចោលជាក់ស្តែងនូវវត្ថុតាង ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ចំនួន២២គ្រឿង។

ប្រតិបត្តិការនេះ បង្ក្រាបបទល្មើសព្រៃឈើនេះ ដឹកនាំដោយប្រធានគណៈបញ្ជាការខេត្ត ព្រមទាំងមានមានការសម្របសម្រួលពីលោក ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តពោធិ៍សាត់ ក្នុងការពង្រឹងការអនុវត្តន៍ច្បាប់ ស្តីពីបទល្មើសធនធានធម្មជាតិ (ព្រៃឈើ), កម្លាំងកងរាជអាវុធហត្ថខេត្ត ក្រោមការបញ្ជាផ្ទាល់ពីលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថស្រុក កម្លាំងបរិស្ថាន កម្លាំងអធិការស្រុក ចំនួន៣ស្រុក រួមមានស្រុកក្រគរ ស្រុកភ្នំក្រវាញ និងស្រុកវាលវែង។

បើយោងតាមរបាយការណ៍របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលភ្នាក់ងារ Fresh News បានទទួលនាល្ងាចថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា គិតចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២២ ខែកក្កដានេះ កម្លាំងចម្រុះ ក្រោមការបញ្ជាផ្ទាល់ពីសំណាក់លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្ត កម្លាំងបានចុះទៅដល់ស្រុកគោលដៅចំនួន៣ នឹងបានដកហូតនូវវត្ថុតាង រថយន្តរ៉េវ ឬរថយន្តប៉ាកុង គ្មានស្លាកលេខ ចំនួន២២គ្រឿង។ បច្ចុប្បន្នវត្ថុតាងរថយន្តរ៉េវ ឬរថយន្តប៉ាកុងទាំង២២គ្រឿង ត្រូវបានដុតបំផ្លាញចោលនៅកន្លែង ដោយផ្អែកលើការលំបាកដឹកជញ្ជូនមក។

ក្នុងដដែលរបាយណ៍បានបញ្ជាក់ថា រាល់ការដុតបំផ្លាញវត្ថុតាងទាំងអស់នេះ គឺមានការចូលសហការ ពីព្រះរាជអាជ្ញាអម សាលាដំបូងខេត្តពោធិ៍សាត់ ក្រោមការបញ្ជាផ្ទាល់ពីលោក សៅ សុខា ប្រធានគណកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ៕