(ក្រចេះ)៖ គិតមកត្រឹមថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ យ៉ាងហោចណាស់ មានរថយន្តដឹកឈើល្មើសច្បាប់ចំនួន ១០គ្រឿង និងម៉ូតូចំនួន១១គ្រឿងហើយ ត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោល ក្នុងខេត្តក្រចេះ ក្រោមយុទ្ធនាការក្តៅគគុក របស់គណៈកម្មាការបង្រ្កាបបទល្មើសធនធានធម្មជាតិថ្នាក់ជាតិ។

ក្នុងសកម្មភាពយ៉ាងសកម្ម ដែលបានចាប់ផ្តើមតាំងពីថ្ងៃ០៩ ខែកក្កដា ឆ្នាំ២០១៩ រហូតមកទល់បច្ចុប្បន្ន ក្រោមបទបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មការជាតិ ដើម្បីទបស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាពិសេសក្រោមការដឹកនាំពីលោក សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ។ ជាលទ្ធផលកម្លាំងអាហត្ថខេត្តក្រចេះ សម្រេចបានដូចខាងក្រោម៖

*កាលពីថ្ងៃទី១២ ខែកក្កដា រថយន្តប៉ាកុងចំនូន២គ្រឿង ដែលគេរុគរកឃើញ នៅឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ក៏ត្រូវបានកម្លាំងអាវុធហត្ថខេត្តក្រចេះ ធ្វើពិធីដុតបំផ្លាញចោល នៅនិងកន្លែង
* ថ្ងៃទី១៣ ខែកក្កដា រថយន្តប៉ាកុងចំនួច៧គ្រឿង ដែលឈ្មួញ លាក់ទុក ក្នុងចំការក្រោយផ្ទះ ប្រជាពលរដ្ឋ នៅភូមិអូរព្រះ ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ត្រូវបានកម្លាំងសមត្ថកិច្ច ដុះកំទេចចោលនៅនិងកន្លែង។

ចំណែកមួយករណីមួយផ្សេងទៀតកាលពីថ្ងៃទី២២ ខែកក្កដា នៅចំណុចឃុំឃ្សឹម ក្នុងស្រុលស្នួល ខេត្តក្រចេះ រថយន្តសាំយ៉ុងចំនួន១គ្រឿង និងម៉ូតូ ចំនួន១១គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថ ធ្វើការដុតកម្ទេចចោលបន្ថែមទៀត។

យ៉ាងណាក៏ដោយ សម្រាប់ខេត្តក្រចេះ ក្រៅតែពីរថយន្តចំនួន ១០គ្រឿង ដឹកឈើល្មើសច្បាប់ និងម៉ូតូចំនួន១១គ្រឿង ដែលសមត្ថកិច្ចបានដុតបំផ្លាញចោល គេនៅពុំទាន់ឃើញ មានជនសង្ស័យណាម្នាក់ ត្រូវបានសមត្ថចាប់ឃាត់ខ្លួន ដូចខេត្តមណ្ឌលគីរីនោះទេ។

លោក ឡុង យឹង មេបញ្ជាការរងអាវុធហត្ថខេត្តក្រចេះ បានបញ្ជាក់តាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះថា រាល់ការដុតបំផ្លាញវត្ថុតាងទាំងអស់នេះ គឺមានការចូលសហការ ពីព្រះរាជអាជ្ញាអម សាលាដំបូងខេត្តក្រចេះ ក្រោមការបញ្ជាផ្ទាល់ពីលោក សៅ សុខា ប្រធានគណកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ។

សូមបញ្ជាក់ថា កម្លាំងកងរាជអាវុធខេត្តក្រចេះ នៅបន្តស្វែងរករថយន្តល្មើសច្បាប់គ្រប់ប្រភេទ ដើម្បីថែរក្សាសម្បត្តិធម្មជាតិឲ្យនៅគង់វង្ស៕