(ព្រៃវែង)៖ ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តព្រៃវែង និងផ្សព្វផ្សាយវិធានការត្រៀមបង្ការ និងការឆ្លើយតបពេលមានគ្រោះមហន្តរាយកើតឡើង។

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី លោក ជា សុមេធី អភិបាលខេត្ត និងមន្ត្រីរាជការតាមមន្ទីរ ស្ថាប័នពាក់ព័ន្ធ កម្លាំងប្រដាប់អាវុធ អង្គការជាដៃគូ និងអាជ្ញាធរក្រុងស្រុកឃុំសង្កាត់ទូទាំងខេត្ត ចំនួន៣៣៩នាក់។

តាមរបាយការណ៍របស់ លោក ជា សុមេធី បានឲ្យដឹងថា ខេត្តព្រៃវែង ជាខេត្តដែលងាយរងគ្រោះដោយជំនន់ទន្លេមេគង្គ និងងាយរងខ្យល់កន្ត្រាក់ ជាក់ស្តែង៦ខែដើមឆ្នាំទូទាំងខេត្ត ទទួលរងខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ៩៩៦ខ្នង និងជួបគ្រោះរាំងស្ងួត ប៉ះពាល់ស្រូវសន្ទូង១៤,៧១៥ហិកតា។

លោកបន្ថែមថា លទ្ធភាព នៃការឆ្លើយតបរបស់ខេត្ត នៅមានកម្រិត ហេតុនេះខេត្តស្នើសុំឲ្យមានការអន្តរាគមន៍ទាន់ពេលវេលា ពីគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាប្រធានដើម្បីខេត្ត មានលទ្ធភាពឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ជាមួយគ្នានេះ អង្គប្រជុំក៏បានស្តាប់នូវបទបង្ហាញរបស់បណ្តានាយកដ្ឋាន ចំណុះគណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) ជុំវិញការផ្តល់ព័ត៌មាន ការត្រៀមបង្ការ និងវិធានការឆ្លើយតបគ្រោះមហន្តរាយ។

បន្ទាប់ពីនាំការផ្តាំផ្ញើរសួរសុខទុកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនដល់សមាជិកអង្គប្រជុំរួចមក ទេសរដ្ឋមន្រ្តី គន់ គីម ក៏បានលើកសសើរ ការខិតខំបំពេញការងាររបស់ គណកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដែលបានខិតខំបំពេញការងារកន្លងមក និងមានផែនការលម្អិតច្បាស់លាស់ ក្នុងការគ្រប់គ្រង ឆ្លើយតបទៅនឹងគ្រោះមហន្តរាយដែលកើតឡើង។

ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានណែនាំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់លើការងារ ប្រមូលព័ត៌មានពីគ្រោះមហន្តរាយ ឲ្យបានលឿន ដើម្បីឆ្លើយតបឲ្យបានទាន់ពេលវលា ដោយប្រើកម្លាំងសរុប មធ្យោបាយសរុប ផ្តោតសំខាន់លើការសង្គ្រោះអាយុជីវិតមនុស្សជាអាទិភាព។ ដើម្បីធ្វើបានដូចខាងលើគ្រប់ថ្នាក់ ត្រូវពង្រឹងសមត្ថភាពរបស់មន្ត្រី ឲ្យមានគ្រប់លក្ខណ:សម្បត្តិ ក្នុងការឆ្លើយតបបានទៅគ្រប់សភាពការណ៍ដែលកើតឡើង៕