(សៀមរាប)៖ មេក្លោងដ៏ធំម្នាក់ នៃអំពើឆបោកប្រាក់ក្នុងរូបភាពចូលហ៊ុនរកស៊ី ដែលធ្វើឲ្យម្នាក់ៗអស់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារ ហើយសរុបជាទឹកប្រាក់ ដែលចាញ់បោកនោះ គឺខ្ទង់រយលានដុល្លារ ត្រូវបានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឲ្យឃុំខ្លួនដាក់ពន្ធនាគារ។ នេះបើតាមដីការបស់ចៅក្រមស៊ើបសួរ លោក ជូ លឹមហ៊ាង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។

ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប លោក ជូ លឹមហ៊ាង បានសម្រេចចោទប្រកាន់ បុគ្គល ឌឹម សួនណាត ពីបទ «ឆបោក (ដោយមានស្ថានទម្ងន់ទោស) និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន» ប្រព្រឹត្តទៅក្រុងសៀមរាប ខេត្តសៀមរាប និងតាមបណ្ដារាជធានី-ខេត្ត មួយចំនួនទៀត។

សូមជម្រាបថា ជនឆបោកដ៏ធំមួយនេះឈ្មោះ ឌឹម សួនណាត អាយុ៣៦ឆ្នាំ រស់នៅផ្ទះលេខ៣៤ ផ្លូវលេខ១០០៧ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីប៉ុន្មានថ្ងៃមុន ដោយមានបញ្ជាពីព្រះរាជអាជ្ញា និងមានបណ្ដឹងរបស់ជនរងគ្រោះជាច្រើននាក់ ដែលបានអស់លុយអស់កាក់រាប់ពាន់ រាប់ម៉ឺនដុល្លារ ទៅលើជនមួយនេះព្រមទាំងបក្ខពួករបស់ខ្លួន។

ក្រោយចាប់ខ្លួន និងធ្វើការសួរចម្លើយមួយរយៈពេលមក ជនសង្ស័យរូបនេះត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានកណ្ដាលនគរបាលសន្ដិសុខ ដើម្បីបន្ដការសួរនាំ និងធ្វើការស្រាវជ្រាវ នៃទំហំរឿងទាំងមូលដើម្បីទប់ស្កាត់ កុំឲ្យមានបញ្ហាមួយនេះកើតឡើងបន្ដទៀត មកលើពលរដ្ឋខ្មែរ ហើយត្រូវបានបញ្ជូនបន្ដទៅកាន់តុលាការខេត្តសៀមរាប ដើម្បីធ្វើការសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់ ព្រោះរឿងដែលបានកើតឡើងដំបូង នៅលើទឹកដីខេត្តសៀមរាប។

ពាក់ព័ន្ធបទល្មើសឆបោកដ៏ធំមួយនេះ រហូតមកដល់ពេលនេះ ពុំទាន់មានការបញ្ជាក់ពីសមត្ថកិច្ចពាក់ព័ន្ធ ថាតើជនរងគ្រោះពិតប្រាកដមានប៉ុន្មាននាក់ និងលុយដែលត្រូវចាញ់បោកនោះ មានចំនួនប៉ុន្មានឲ្យពិតប្រាកដផងដែរ? គ្រាន់តែដឹងថា មានមនុស្សជាច្រើននាក់ដែលជាជនរងគ្រោះ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ហើយចំនួនទឹកប្រាក់គឺខ្ទង់រយលានដុល្លារឯណោះ។

ករណីនេះ សមត្ថកិច្ចក៏បានអំពាវឲ្យជនរងគ្រោះទាំងឡាយ ដែលធ្លាប់បានបាញ់បោកបុគ្គល និងបក្ខពួក ប៉ុន្ដែពលរដ្ឋខ្លះមិនទាន់ហ៊ានចេញមុខដាក់ពាក្យបណ្ដឹងជាផ្លូវការនោះឡើយ ដោយសារមានការអៀនខ្មាស់ និងខ្លាចគេដឹងលឺ។

តាមការបញ្ជាក់របស់សមត្ថកិច្ចជាន់ខ្ពស់ក្រសួងមហាផ្ទៃ រូបភាពនៃអំពើឆបោកនេះ គឺជនសង្ស័យបានដើរតួនាទីជាម្ចាស់គម្រោងអភិវឌ្ឍន៍ ទៅលើវិស័យអចលនទ្រព្យ រួមមាន ពុះដីឡូតិ៍ ផ្ទះល្វែង និងវីឡាជាដើម។ តាមរយៈរូបភាពឆបោកនេះ ជនសង្ស័យបានធ្វើកិច្ចសន្យាវិនិយោគ ជាមួយជនរងគ្រោះឲ្យដាក់លុយវិនិយោគ ដោយទទួលបានភាគរយខ្ពស់ប្រចាំខែ ដែលគេហៅថាភាគលាភ ឬប្រាក់ចំណេញ ប៉ុន្ដែជនរងគ្រោះបានទទួលប្រាក់ចំណេញនេះ តែខែដំបូង ឬពីរខែដំបូង ឬបីខែដំបូងតែប៉ុណ្ណោះ ប៉ុន្ដែខែបន្ដបន្ទាប់ទៀតនឹងមិនទទួលបាននោះឡើយ។

ឧទាហរណ៍ជាក់ស្ដែង ជនរងគ្រោះម្នាក់ដាក់ប្រាក់វិនិយោគចំនួន ១០ម៉ឺនដុល្លារ ហើយខែដំបូងនឹងទទួលបាន២៥ភាគរយ ស្មើនឹង២៥,០០០ដុល្លារ ប៉ុន្ដែបានតែមួយខែ ឬពីរខែដំបូង នឹងលែងទទួលបានទៀតហើយ នោះមានន័យថា លុយដែលត្រូវបាត់បង់សឹងតែពាក់កណ្ដាល នៃទឹកប្រាក់ដែលបានដាក់វិនិយោគ។

ជនល្មើសបានប្រើរូបភាពនេះ ដោយពង្រាយបក្ខពួករបស់ខ្លួនចុះទៅតាមបណ្ដាខេត្ត ដោយដើរតួជាម្ចាស់គម្រោងអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យ ហើយបើជនរងគ្រោះណាមានលុយតិចតួច គឺដាក់ចូលហ៊ុនតាមលទ្ធភាពជាក់ស្ដែង។ អំពើឆបោកនេះក៏បានកើតឡើងនៅលើទឹកដីស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងមានប្រជាពលរដ្ឋ ហើយនិងអាជីវករនៅក្នុងផ្សារជាច្រើននាក់ក៏បាញ់ចោកផងដែរ។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានថ្លែងបញ្ជាក់ថា លោកបានបញ្ជាឲ្យនគរបាលមូលដ្ឋាន និងសមត្ថកិច្ចចុះស្រង់ឈ្មោះ ជនរងគ្រោះដែលបាញ់បោក ប៉ុន្ដែមិនទាន់ទទួលបានទាំងអស់នៅឡើយទេ ដោយមានជនរងគ្រោះខ្លះ នៅតែបន្ដលាក់បាំង និងមិនហ៊ានមកដាក់ពាក្យបណ្ដឹង។

ដោយឡែកមន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃម្នាក់ទៀត ក៏បានលួចបង្ហើបថា ជនសង្ស័យរូបនេះក៏មានអ្នកនៅពីក្រោយខ្នងជាមន្ដ្រីជាន់ខ្ពស់ នៅក្រសួងស្ថាប័នរដ្ឋ និងកងកម្លាំងប្រដាប់អាវុធទៀតផង៕