(ព្រៃវែង)៖ ក្រុមការងាសហការ នៃមូលនិធិពិសិដ្ឋ, ក្រុមយុវសមណៈ វត្តវារិន្ទព្រែកលៀប និងការអប់រំ និងបណ្ណាល័យគនិត បានចុះទៅប្រារព្ធពិធីប្រគល់សៀវភៅអំណាន និងបណ្តុះទម្លាប់ការអានដល់កុមារ នៅសាលាបឋមសិក្សាបារ៉ាច ដែលស្ថិតនៅភូមិបារ៉ាច ឃុំព្រៃឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។

កម្មវិធីនេះត្រូវបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ដោយមានការចូលរួមពី អាជ្ញាធរដែនដី, សប្បុរសជននានា លោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្សានុសិស្ស និងយុវជនស្ម័គ្រចិត្តយ៉ាងច្រើនកុះករផងដែរ។

ព្រះតេជគុណ សុខ បាយ័ន្ត មានសង្ឈដីកាថា ក្រុមការងារនាំយកសៀវភៅចំនួន ១,០៧៣ក្បាល ដើម្បីប្រគល់ជូនគណៈគ្រប់គ្រង សាលាបឋមសិក្សាបារ៉ាច។ កម្មវិធីនេះ អាចដំណើរការទៅបាន គឺដោយសារមានការឧបត្ថម្ភគាំទ្រ ពីបណ្តាសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។

ព្រះតេជគុណមានសង្ឈដីកាបន្តថា តំណាងឱ្យក្រុមការងារ និងនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស នៃសាលាបឋមសិក្សាបារ៉ាច សូមថ្លែងអំណរគុណ៖

១៖ ភិក្ខុ វិរិយសេក្ខោ សេក ពិសិដ្ឋ ប្រធានមូលនិធិពិសិដ្ឋ ដែលបានខ្នះខ្នែង យ៉ាងយកចិត្តទុកដាក់បំផុត។
២៖ សមាជិកក្រុមការងារទាំងឡាយ គ្រប់ផ្នែក ដែលបានជួយសម្រួលកម្មវិធី បានយ៉ាងល្អប្រពៃ។
៣៖ ព្រះករុណា ញាតិញោមជាសប្បុសជនទាំងអស់ ទាំងក្នុង និងក្រៅប្រទេស ដែលបានគាំទ្រឧបត្ថម្ភថវិកា កម្លាំងកាយចិត្ត ប្រកបដោយមនសិការ គួរជាទីគោរពរាប់អានជាភាតរៈ។
៤៖ លោកនាយក លោកគ្រូអ្នកគ្រូ នៃសាលាបឋមសិក្សាបារ៉ាច ដែលបានជួយសម្រួលគ្រប់យ៉ាង ក្នុងដំណើរកម្មវិធី រហូតចបសព្វគ្រប់។
៥៖ មាតាបិតា អាណាព្យាបាលសិស្សានុសិស្ស ដែលបានចូលរួម និងឧបត្ថម្ភជាចង្ហាន់ដ៏ប្រណីត។

ព្រះអង្គមានសង្ឈដីកាបញ្ជាក់បន្ថែមថា «សូមថ្លែងអំណរអរព្រះគុណ និងអរគុណដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងអ្នកចូលរួមទាំងអស់គ្នា ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះ ព្រមទាំងសប្បុរសជននានា ដែលបានចូលរួមបរិច្ចាគទាំងថវិកា និងសម្ភារៈ។ សូមប្រគេន និងជូនបុណ្យដល់ក្រុមការងារ ប្រជាពលរដ្ឋខ្មែរទាំងអស់ នូវពុទ្ធិពរទាំងឡាយ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ»។

ជាមួយគ្នានេះ គណៈកម្មការទ្រទ្រង់សាលា បានថ្លែងសរសើរសកម្មភាពនេះ ជាការរួមចំណែកលើកស្ទួយវិស័យអប់រំ លើកស្ទួយតម្លៃវប្បធម៌ជាតិខ្មែរ រក្សាវប្បធម៌ជាតិខ្មែរ និងអប់រំឲ្យសិស្សានុសិស្ស មានការយល់ដឹងច្រើន អំពីការរៀបចំខ្លួនក្លាយជា «កូនល្អ សិស្សល្អ និងមិត្តល្អ» ក្លាយជាពលរដ្ឋល្អក្នុងសង្គម។ ពួកគាត់ បានថ្លែងអំណរគុណ និងសំណូមពរឲ្យមានកម្មវិធីសប្បុរសធម៌ បែបនេះជាច្រើនទៀត និងបានណែនាំឲ្យកុមារៗ ចេះយកតាមតម្រាប់សិស្សច្បងទាំងអស់ ដែលមកពីសាកលវិទ្យាល័យនៅភ្នំពេញ ដើម្បីឲ្យពួកគេ ក្លាយជាទំពាំងស្នងសកម្មភាពទាំងនេះ សម្រាប់ប្រទេសកម្ពុជា ទាំងមូលផងដែរ។

គណៈគ្រប់គ្រង ថ្លែងបញ្ជាក់ថា «ការចូលរួមរបស់ព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងក្រុមការងារទាំងអស់ ធ្វើឲ្យខ្ញុំព្រះករុណា ខ្ញុំ ពិតជាមានសេចក្តីរំភើបរីករាយ រកអ្វីប្រៀបផ្ទឹមពុំបានឡើយ ពីព្រោះនេះជាលើកទី១ហើយ ដែលសាលារៀន របស់យើងខ្ញុំព្រះករុណា បានរៀបចំកម្មវិធីធំ និងមានតម្លៃបែបនេះ។ ខ្ញុំព្រះករុណាសូមអរព្រះគុណ និងអរគុណ នូវការអញ្ជើញចូលរួម របស់ព្រះគុណម្ចាស់គ្រប់ព្រះអង្គ និងក្រុមការងារទាំងអស់គ្នាផងដែរ»៕