(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបង្ហាញក្តីសោកស្តាយចំពោះការខិតខំរបស់ខ្លួន ដើម្បីស្វែរកសុខសន្តិភាពជូនប្រទេសដទៃ ប៉ុន្តែបែរជាមានជនមួយចំនួនព្រួតដៃចង់ដាក់ទណ្ឌកម្ម ទប់ស្កាត់ ចោទប្រកាន់ថា ច្បាប់ដែលកម្ពុជាកំពុងអនុវត្តពេញលេញសព្វថ្ងៃ និងវិធានការដែលសមត្ថកិច្ចដាក់ចេញមិនយុត្តិធម៌ និងមិនត្រឹមត្រូវ។

ការបង្ហាញក្តីសោកស្តាយរបស់ប្រមុខការពារជាតិកម្ពុជា បានធ្វើឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលដែលសម្តេច រួមជាមួយលោក នីហ្សីដា យ៉ាសានណូរី អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន បានអញ្ជើញជាអធបតីភាព ពិធីបិទវគ្គហ្វឹកហ្វឺនគ្រូបង្គោល វាស់ស្ទង់ សម្រាប់ប្រតិបត្តិការសន្តិភាព អង្គសហប្រជាជាតិ ដើម្បីបង្កើនសមត្ថភាព និងសិក្សាស្រាវជ្រាវជំនាញ TOPO នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ការបង្ហាញក្តីសោកស្តាយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បន្ទាប់ពីថ្មីៗនេះមានបណ្តាលអ្នកនយោបាយជាតិ និងអន្តរជាតិមួយចំនួនតូចនាំគ្នាចោទប្រកាន់មកលើរាជរដ្ឋាភិបាលកម្ពុជាថា ការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា បានធ្វើឱ្យមានលំហូរ នៃសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិរួមតូច ដែលធ្វើឱ្យសាធារណៈជនទូទៅ មានការភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរ និងការបំផ្លើសពីការពិត ទាំងស្រុង ពីអ្វីដែលកម្ពុជា បានអនុវត្តន៍ក្នុងពេលបច្ចុប្បន្ននេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «ប៉ុន្តែកម្ពុជា មានការសោកស្តាយចំពោះការខិតខំរបស់ខ្លួន ដើម្បីស្វែរកសុខសន្តិភាព ជូនប្រទេសដទៃ ប៉ុន្តែបែរជាមានជនមួយចំនួន ព្រួតដៃចង់ដាក់ទណ្ឌកម្ម ទប់ស្កាត់ និងចោទប្រកាន់ថា ច្បាប់ដែលកម្ពុជាកំពុងអនុវត្តពេញលេញសព្វថ្ងៃ និងវិធានការដែលសមត្ថកិច្ចដាក់ចេញ មិនយុត្តិធម៌ និងមិនត្រឹមត្រូវ»

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ក្នុងឋានៈជារដ្ឋសមាជិក អង្គការសហប្រជាជាតិ ជាពិសេសក្នុងនាមជាប្រទេសមួយដែលបានឆ្លងកាត់ សង្គ្រាមរ៉ាំរ៉ៃ បំផ្លិចបំផ្លាញ ដោយសារវិបត្តិ សង្គ្រាមផ្ទៃក្នុង ប្រទេសកម្ពុជា បានខិតខំចែករំលែកកងកម្លាំងរក្សាសន្តិភាពរបស់ខ្លួន ដើម្បីទៅរួមចំណែកសម្រាលទុក ជួយដល់ប្រទេសផ្សេង ដែលកំពុងប្រឈម និងបញ្ហាគ្រោះមហន្តរាយផ្សេងៗ ដូចកម្ពុជានាពេលកន្លងមកដែរ។ នេះគឺជាឆន្ទៈដ៏មុះមុតរបស់កម្ពុជា ក្នុងការសម្តែង សាមគ្គីភាព ជាអន្តរជាតិ និងរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើលោក។

ប្រមុខការពារជាតិកម្ពុជារូបនេះ បានបន្ថែមទៀតថា ទន្ទឹមនឹងការរីកចម្រើនក្នុងវិស័យសេដ្ឋកិច្ច កម្ពុជាតែងតែបានខិតខំលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ ប្រកបដោយសន្តិភាព យោងលើគោលការណ៍ គោរពនីតិរដ្ឋ ដូចដែលបានស្តែងចេញ តាមរយៈការបោះឆ្នោតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាបន្តបន្ទាប់កន្លងមក បានប្រព្រឹត្តទៅមានលក្ខណៈត្រឹមត្រូវ សេរីយុត្តិធម៌ មានតម្លាភាព ខឹងគ្មានការគម្រាមកំហែង មានការចូលរួមដោយសេរី យុត្តិធម៌ មានការទទួលស្គាល់ និងអបអរសាទជាលក្ខណៈអន្តរជាតិ។

កម្ពុជាតែងតែប្រកាន់ខ្ជាប់ផងដែរ នូវគោលការណ៍ជាសកល នៃការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន ហើយរាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការទប់ស្កាត់រាលើសកម្មភាព ល្បិចកិច្ចកល ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការអុជអាលរើសអើង ពូជសាសន៍ ដែលអាចបង្កហឹង្សា ការបះបោរ និងបំបែកបំបាក់សាមគ្គីភាពជាតិ ក្រោមផ្លាកលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលមានគោលបំណងបម្រើផលប្រយោជន៍នយោបាយបុគ្គល ឬក្រុមមនុស្សមួយក្តាប់តូច និងបរទេសដែលចង់ផ្លាស់ប្តូជរដ្ឋាភិបាលស្របច្បាប់។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ នៅក្នុងកិច្ចប្រជុំស្តីពីការរក្សាសន្តិភាព ក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាគាំទ្រចំពោះ «សកម្មភាពដើម្បីសន្តិភាព» ទី១៖ ពង្រឹងសមត្ថភាព ជំនាញវិជ្ជាជីវៈ តាមរយៈការហ្វឹកហ្វឺរមុខ នឹងចល័ត តាមការកែទម្រង់ថ្មីរបស់ អ.ស.ប ដោយផ្តោតសំខាន់លើការការពារ ប្រជាជនស៊ីវិល ការទប់ស្កាត់នឹងអំពើហិង្សា និងការជួញដូរផ្លូវភេ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ដែលមានភាពស្នងស្មាញ និងបញ្ចៀសហានិភ័យ ដែលអាចកើតមានឡើង ជាយថាហេតុណាមួយ, ទី២៖ បង្កើនការទំនាក់ទំនងជាមួយបណ្តាប្រទេសបរិច្ចាគកងកម្លាំង ក្នុងតំបន់បេសកកម្ម ដើម្បីសម្រេចបាននូវគោលដៅរួម គឺសន្តិសុខ និងសន្តិភាព និងទី៣៖ បន្តបង្កើនការចូលរួម របស់ស្ត្រីឱ្យបាន២០% នៅគ្រប់កិច្ចការរក្សាសន្តិភាព ទាំងក្នុងកង នៅទីបញ្ជាការ ពិសេសតួនាទីជានាយទាហានសេនាធិការ និងសង្កេតការណ៍យោធា៕