(ភ្នំពេញ)៖ ករណីដ៏រន្ធត់មួយបានកើតឡើងដោយបុរសម្នាក់ ត្រូវរថភ្លើងកិនដាច់ក្បាលស្លាប់ បង្កឲ្យមានការភ្ញាក់ផ្អើលនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិអង្គ សង្កាត់កន្ទោកខាងជើង ខណ្ឌកំបូល រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ លី លាភ អាយុ៣៧ឆ្នាំ មុខរបរកម្មករយានដ្ឋានជួសជុលរថយន្ត ស្នាក់នៅក្បែរកន្លែងកើតហេតុ មានស្រុកកំណើតភូមិឈើទាលភ្លោះក្រោម ឃុំកញ្ជរ ស្រុកឆ្លូង ខេត្តក្រចេះ មានប្រពន្ធឈ្មោះ យ៉េន ស៊ីយ៉ាន អាយុ៣៩ឆ្នាំ មុខរបរកម្មការិនីរោងចក្រ មានកូនស្រីចំនួន ៤នាក់ ស្នាក់នៅផ្ទះជួលភូមិកន្ទោកត្បូង សង្កាត់កន្ទោក ក្បែរកន្លែងកើតហេតុ ។

មន្ត្រីនគរបាលបានឲ្យដឹងថា កាលពីព្រលប់ថ្ងៃទី២១ ខែកក្កដា ជនរងគ្រោះ រួមជាមួយសាច់ញាតិគ្នា ៣នាក់ នាំគ្នាផឹកស្រាថ្នាំអស់កន្លះលីត្រ រួចក៏ចែកផ្លូវគ្នាចូលសម្រាករៀងៗខ្លួន។ លុះដល់ព្រឹកឡើង ស្រាប់តែប្រពលរដ្ឋរស់នៅក្បែរនោះបានប្រទះឃើញ ជនរងគ្រោះត្រូវរថភ្លើងកិនដាច់ក្បាលស្លាប់តែម្តង។

ភ្លាមៗសមត្ថកិច្ចមូលដ្ឋាន និងជំនាញកោសលវិច្ច័យបានកំពុងចុះទៅពិនិត្យសពជនរងគ្រោះនៅទីតាំងកន្លែងកើតហេតុភ្លាមៗតែម្តង នឹងធ្វើការសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយត្រូវររថភ្លើងកិនបណ្ដាលឲ្យដាច់ក្បាលស្លាប់មែន។

ក្រោយពីមន្ត្រីនគរបាលបានពិនិត្យចប់សព្វគ្រប់រួចហើយនោះ ក៏បានប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕