(ភ្នំពេញ)៖ មនុស្ស២នាក់បានស្លាប់ និងរបួសធ្ងន់៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកជាមួយរ៉ឺម៉កកង់បីនៅផ្លូវ៣៧១ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១០យប់ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរ៉ឺម៉កកង់បីមួយគ្រឿង ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ1HA-0153 បើកបរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តមួយគ្រឿង ម៉ាក HIGHLANDER ពាក់ស្លាកលេខ ភ្នំពេញ 2AV-3036 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បើកបរដោយបុរសម្នាក់ រួមទាំងជនជាតិ២ទៅ៣នាក់ទៀត ក៏ជ្រុលបុករ៉ឺម៉កកង់បីចំពេញមួយទំហឹង បណ្ដាលឲ្យរ៉ឺម៉កកង់បីឥណ្ឌាខ្ទាតត្រឡប់ក្រោយ និងធ្លាក់អ្នកជិះកង់បីបណ្ដាលឲ្យស្លាប់ស្រី្តម្នាក់ នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម ហើយ៤នាក់ទៀតត្រូវបានរថយន្តសង្រ្គោះបន្ទាន់ ដឹកយកទៅសង្រ្គោះភ្លាមៗផងដែរ តែអកុសលដោយសារតែបុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់ពេកបានស្លាប់ពេលបញ្ជូនទៅជិតដល់មន្ទីរពេទ្យ។

ក្រោយកើតហេតុអ្នកបើកបររថយន្ដខាងលើ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល តែត្រូវបានប្រជាពលរដ្ឋចាប់បាននារីម្នាក់ជាជនជាតិចិនរួមដំណើរជាមួយ ប្រគល់ទៅឲ្យសមត្ថកិច្ចផងដែរ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ រួចទាក់ទងទៅសមត្ថកិច្ចជំនាញ ដើម្បីធ្វើការប្រគល់សព ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯ រថយន្ដ និងរ៉ឺម៉កកង់បីត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ៕