(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងដោយពុំមានការភ្ញាក់ផ្អើលថា ចំពោះ​ការអនុម័តរបស់​សភាជាន់​ទាបអាមេរិកថ្មីៗ​នេះ ទៅលើ​សេច​ក្ដីស្នើច្បាប់ស្ដីពី «ប្រជា​ធិប​តេយ្យ​ក​ម្ពុជា​ឆ្នាំ២០១៩-Cambodia Democracy Act of 2019» ដើម្បីដាក់សម្ពាធម​កលើកម្ពុជានេះ​គឺពុំបានឆ្លុះ​បញ្ចំាងពី ឆន្ទៈ​របស់ប្រ​ជាពលរដ្ឋខ្មែ​រនោះទេ ពីព្រោះកម្ពុជាជារដ្ឋអធិបតេយ្យ ហើយកម្ពុជាក៏ធ្លាប់​ទទួលរងគ្រោះ​ពីការលូក​ដៃ​របស់សហរដ្ឋ​អាមេរិក ដោ​យស្ថិតក្រោម​លេសសេ​រីភាព និងប្រជាធិបតេយ្យ​នេះតំាងពី​ឆ្នាំ១៩៧០​មកម៉្លេះ។

ដោយហេតុថា ​ចំពោះក​ម្ពុជា​ជា​រដ្ឋអ​ធិបតេយ្យ​គឺពុំអាចសភាប្រទេសមួយធ្វើច្បាប់ ដើម្បីបង្គាប់​បញ្ជាបានទ្បើយ។ បើដូច​នេះចំពោះទង្វើ​សភាជា​ន់ទាបអាមេរិក ដែលបានធ្វើច្បាប់ស្ដីពី ប្រជា​ធិបតេយ្យ​កម្ពុជា​ហើយទើប​អនុម័តថ្មីៗនេះ គឺមិនខុស​ពីសភាអាមេរិកកំ​ពុងផលិតច្បាប់​ដើម្បីត្រួត​ស្រុកខ្មែ​រនោះទេ ឬមិនខុសពី «សភាអាមេរិក​កំពុង​ត្រួតលើ​សភាខ្មែ​រ» នោះ​ដែរ។

លោក រត្ន័ សណ្ដាប់ បន្ដថា​បើហេតុនេះ​ចំពោះទង្វើស​ភាជាន់ទាបអា​មេរិក ដែលបានធ្វើច្បា​ប់ដោយរំលោភ​មកលើអធិបតេយ្យ​ខ្មែរនេះ គឺសភាអាមេរិក​លែងជាសភា​អាមេរិក​ទៀតហើយ គឺជាសភាខ្មែរ​ឬជាស​ភាពិ​ភពលោកតែម្ដង ពីព្រោះស​ភាប្រទេស​មួយគឺពុំ​អាចផលិត​ច្បាប់ដើម្បី​បង្គាប់ប​ញ្ជាមកលើ​ប្រទេស​មួយដើ​ម្បីឲ្យធ្វើនេះ ឬ​ធ្វើនោះបានទេ។

ម្យ៉ាងទៀតបើ​និយាយ​ពីសេចក្ដីស្នើ​ច្បាប់ស្ដីពី​ប្រជាធិបតេយ្យកម្ពុជា ដែលស​ភាជាន់ទាបអាមេរិកទើបអនុម័តថ្មីៗនេះផងដែរ យើង​សួរថា តើមាន​ប្រទេសប៉ុន្មានដែលមានប្រជាធិបតេយ្យ១០០ភាគរយ ហើយមានប្រ​ទេសប៉ុន្មាន​ដែលអត់ប្រជាធិ​បតេយ្យ? ហេ​តុអ្វីបានជា​ប្រទេសអា​ស៊ានខ្លះ ជាប្រទេ​ស​កុម្មុយ​នីស្ដ​ពុំដែលបោះ​ឆ្នោតសោះ ចុះហេតុ​អ្វីបា​នជា​អាមេរិក​ខិត​ខំលើក​កម្កើង​ទៅវិញ? ហេតុអ្វី​អាមេ​រិក​ពុំធ្វើ​ច្បាប់ផង? ​បើហេ​តុនេះចំពោះទង្វើសភា​ជាន់ទាប​អាមេរិកទំាងនេះ គឺគ្រា​ន់តែបង្កទ្បើ​ងធ្វើជាលេស​ដើម្បី លូកដៃចូ​លអធិបតេ​យ្យកម្ពុជា ក្នុងការ​បម្រើឲ្យភូ​មិសាស្រ្ដ នយោបាយ​ខ្លួនតែ​ប៉ុណ្ណោះ។

ជាសរុបលោក រត្ន័ សណ្ដាប់ បានចាត់ទុកថា បើ​ដូច្នេះចំពោះសេច​ក្ដីស្នើច្បាប់ស្ដីពី ប្រជាធិបតេ​យ្យកម្ពុជា ដែលសភាជាន់​ទាបអាមេរិកទើបអនុម័តថ្មីៗនេះ គឺច្បាប់នេះមិ​នខុសពីច្បាប់ដ៏ចម្លែក​ជាងគេមួយ​លើពិ​ភពលោ​កនោះទេ ពីព្រោះ​បើនិ​យាយពីរដ្ឋអ​ធិបតេយ្យ​ប្រទេ​សមួយ គឺពុំអាចស​ភាប្រទេសមួយធ្វើ​ការតា​ក់តែង ទ្បើ​ងដើម្បីចោទ​ប្រកាន់ប្រទេស​មួយថាមាន​ប្រជា​ធិបតេយ្យ ឬអត់នោះទេ?

ម្យ៉ាងទៀតបើនិយា​យពីទង្វើ​សភាជា​ន់ទាបអាមេរិកនេះទៀតសោត ក៏ផ្ទុយនឹ​ងគោលការ​ណ៍អង្គការសហប្រជាជាតិផងដែ​រ ពី​ព្រោះធម្មនុញ្ញនៃអង្គការសហប្រជាជាតិ គឺពុំអនុញ្ញាត្ដ​ឲ្យរដ្ឋមួយ​ធ្វើការ​លូកដៃចូល អធិបតេយ្យរដ្ឋ​មួយទៀតបានទ្បើយ។ ​បើដូច្នេះ​ចំពោះសេចក្ដី​ស្នើច្បាប់ស្ដីពី​ ប្រជាធិបតេយ្យក​ម្ពុជា ហើយ​ដែលស​ភាជាន់ទាបអាមេរិកទើប​អនុម័តថ្មីៗនេះ គឺជា​ច្បាប់ដែល​អាចធ្វើ​ឲ្យអាមេរិក​បាក់មុខលើឆា​កអន្ដរជាតិ​តែប៉ុណ្ណោះ ពីព្រោះ​នៅ​លើលោកនេះ​ប្រជា​ធិបតេ​យ្យគ្មានស្ដង់​ដានោះទេ៕