(ភ្នំពេញ)៖ កម្ពុជា និងវៀតណាម កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ បានបើកកិច្ចប្រជុំពិគ្រោះយោបល់ទៅលើបញ្ហានយោបាយរវាងប្រទេសទាំងពីរលើកទី៦។ កិច្ចប្រជុំ ត្រូវបានធ្វើឡើងដែលភាគីកម្ពុជាដឹកនាំដោយលោកស្រី អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រីឯភាគីវៀតណាមដឹកនាំដោយលោក ង្វៀន គួកយុង (Nguyen Quoc Dung) អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់របស់ក្រសួងការបរទេសដែលចេញផ្សាយនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះភាគីទាំងពីរបានពិភាក្សាទៅលើបញ្ហាជាច្រើនរួមមាន កិច្ចសហប្រតិបត្តិការនយោបាយ សន្តិសុខ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី និងវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស ការជំរុញវិស័យទេសចរណ៍ និងវប្បធម៌ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងបញ្ហាព្រំដែន។ ភាគីទាំងពីរបានឯកភាពរិះរកវិធី និងមធ្យោបាយ សំដៅជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទាំងនេះថែមទៀត ដើម្បីផលប្រយោជន៍ប្រជាជាតិទាំងពីរ។

ក្រៅពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌ ពហុភាគី រួមទាំងអាស៊ាន និងក្របខណ្ឌសហប្រតិបត្តិការមេគង្គ ហើយបានផ្លាស់ប្តូរយោបល់គ្នាអំពីទំនាក់ទំនងជាមួយបរទេស បញ្ហាប្រឈមរបស់កម្ពុជា និងវៀតណាម និងបញ្ហាតំបន់និងអន្តរជាតិ ដែលមានការចាប់អារម្មណ៍រួមដូចជា បញ្ហាសមុទ្រចិនខាងត្បូង រដ្ឋរ៉ាក់ខាញ ឧបទ្វីបកូរ៉េ គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ គំនិតផ្តួចផ្តើមឥណ្ឌូ-ប៉ាស៊ីហ្វិក និងផលប៉ះពាល់នៃសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន។

ខាងក្រោម គឺជាលទ្ធផលនៃកិច្ចប្រជុំដ៏មានសារៈសំខាន់មួយនេះ៖