(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេលជាង១០ថ្ងៃនៃការសម្រាកពីការងារផ្សេងៗតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដោយសារតែការឈឺស្មានោះ សម្តេចបានសម្រេច និងចុះហត្ថលេខាលើឯកសារជាង ៣០០ច្បាប់។

សម្តេចតេជោ បានបញ្ជាក់ទៀតថា បើទោះបីស្មារបស់សម្តេចឈឺ តែម្រាមដៃរបស់សម្តេចមិនឈឺនោះឡើយ។ ជាមួយរូបភាពមួយសន្លឹកនៅក្នុងបន្ទប់ធ្វើនាគេហឋានអមដោយចៅតូចៗប្រុសស្រី៥នាក់ ដែលបង្ហោះលើ Facebook នៅល្ងាចថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «នៅកន្លែងដែលខ្ញុំអង្គុយនេះមានឯកសារពី ៣០ ទៅ៥០ច្បាប់ក្នុងមួយថ្ងៃ ដែលខ្ញុំត្រូវពិនិត្យសម្រេច ឬចុះហត្ថលេខា។ ប្រសិនបើឯកសារទាំងនោះ មិនត្រូវបានអនុម័តពីខ្ញុំទេបណ្តាស្ថាប័ននឹងត្រូវរង់ចាំ»

សម្តេចតេជោនាយករដ្ឋមន្ត្រីបញ្ជាក់បន្ថែមថា «ជាង១០ថ្ងៃដែលខ្ញុំឈឺស្មាខ្ញុំបានពិនិត្យរបាយការណ៍ ផ្តល់ការណែនាំ សម្រេច និងចុះហត្ថលេខាលើឯកសារប្រមាណជាង ៣០០ច្បាប់ ព្រោះម្រាមដៃខ្ញុំមិនឈឺជាមួយស្មានោះឡើយ»

សារនៅលើ Facebook ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលេចឱ្យដឹងផងដែរថា ជារៀងរាល់ថ្ងៃមានចៅៗមកសម្រាក និងមកលេងជាមួយសម្តេច និងភរិយា។ ប៉ុន្តែល្ងាចនេះចម្លែកល្មានចៅ៥នាក់ អមដំណើរសម្តេចមកការិយាល័យ៕