(កំពង់ចាម)៖ អនុវត្តតាមផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ របស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជំរុញឲ្យមានវិធានការ បង្ក្រាបសកម្មភាពគ្រឿងញៀន កម្លាំងនគរបាលខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ នៅស្រុកកោះសូទិន។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ដកំពង់ចាម បានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ លោកបានចាត់កម្លាំងចុះធ្វើការស្រាវជ្រាវ និងបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាមានដីកា និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន០១ករណី។

ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចភូមិព្រែករំដេងកើត ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តកំពង់ចាម បានសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកអូររាំងឪ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទី១៖ឈ្មោះ បាន បឿន អាយុ៤០ឆ្នាំ, ទី២៖ឈ្មោះ ឆាយ សុខលាង អាយុ៣២ឆ្នាំ, ទី៣៖ឈ្មោះ ឈឿន ឈុន អាយុ១៨ឆ្នាំ និងទី៤៖ឈ្មោះ ឈឿន ឈីម អាយុ២៣ឆ្នាំ។ ក្នុងនោះសមត្ថកិច្ចដកហូតបាន ម្សៅក្រាមពណ៌ស ចំនួន០៥កញ្ចប់, ទូរស័ព្ទដៃចំនួន០១គ្រឿង, ឧបករណ៍សេពមួយសម្រាប់ និងប្រាក់ញុះញង់ចំនួន៨០,០០០រៀល។ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដ៕