(តេហេរ៉ង់)៖ អាជ្ញាធរអ៊ីរ៉ង់ នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាសមាជិកនាវិកទាំងអស់នៅលើកប៉ាល់ អង់គ្លេស Stena Impero ដែលត្រូវបានរឹបអូសនោះ គឺមានសុខភាពល្អ និងមានសុវត្ថិភាព ក្រោមការមើលថែ របស់អ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២១ ខែកក្កដា ឆ្នាំ២០១៩។

ប្រធានអង្គការសមុទ្រ និងកំពង់ផែអ៊ីរ៉ង់ប្រចាំខេត្ត Hormozgan លោក Allahmorad Afifipour បានបញ្ជាក់ប្រាប់ទូរទស្សន៍នៅក្នុងស្រុកយ៉ាងខ្លីដូច្នេះថា ៖«សមាជិកនាវិក ២៣នាក់ នៅលើកប៉ាល់ Stena Impero គឺមានសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា ដោយបច្ចុប្បន្នពួកគេកំពុងស្ថិតនៅ កំពង់ផែ Bandar Abbas »។

គួរបញ្ជាក់ថា រដ្ឋាភិបាលអង់គ្លេស បានថ្កោលទោស ក៏ដូចជាស្នើឱ្យអ៊ីរ៉ង់ដោះលែងកប៉ាល់របស់ខ្លួន ជាបន្ទាន់ បើពុំដូច្នោះទេ ទីក្រុងតេហរ៉ង់នឹងត្រូវជួបផលវិបាកធ្ងន់ធ្ងរ។ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់បានរឹបអូស និងឃាត់ទុកកប៉ាល់ Stena Impero កាលពីថ្ងៃសុក្រ រីឯក្រុមហ៊ុនម្ចាស់កប៉ាល់នេះបានអះអាងថា ខ្លួនកំពុងដាក់សំណើសុំចូលសួរសុខទុក្ខនាវិកទាំង២៣នាក់ (មកពីឥណ្ឌា លីតតូនី ហ្វីលីពីន និងរុស្ស៊ី) នេះហើយ។

ម្យ៉ាងវិញទៀត ការរឹបអូសកប៉ាល់នេះទៀតសោត កើតមានឡើងប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពី អ៊ីរ៉ង់ព្រមានចាត់វិធានការសងសឹកអង់គ្លេស ដែលបានរឹបអូស និងឃាត់ទុកកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ឈ្មោះ Grace 1 នៅដែនទឹក Gibraltar កាលពីថ្ងៃទី៤ ខែកក្កដា កន្លងទៅ៕