(កំពង់ធំ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយលោក ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញមកសួរ សុខទុក្ខប្រជាសហគមន៍ព្រៃឈើ «ឃ្មុំស្រកថ្លុកឫស្សី» ដែលមានទីតាំងនៅភូមិត្រពាំងថ្ម ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

បើតាមមន្ត្រីរដ្ឋបាលព្រៃឈើ បានឲ្យដឹងថា ទូទាំងខេត្តកំពង់ធំ មានសហគមន៍ព្រៃឈើចំនួន ៨៣កន្លែង មានផ្ទៃដីជាង ៨៣ពាន់ហិកតា ក្នុងនោះមាន ៦៩សហគមន៍ មានផ្ទៃដីជាង ៥៩ ពាន់ហិកតា ត្រូវបានចុះបញ្ជីទទួលស្គាល់ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ដោយឡែក សហគមន៍ព្រៃឈើឃ្មុំស្រកថ្លុកឫស្សីនេះ បានបង្កើតឡើងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៨។ ប្រជាសហគមន៍ភាគច្រើន ប្រកបរបរកសិកម្មជាចំបង និងរុករកផល និងអនុផលព្រៃឈើ នៅលើផ្ទៃដីជាង ៦៧១ហិកតា គ្របដណ្តប់ដោយឈើចម្រុះពូជ ដុះផ្តល់ម្លប់យ៉ាងត្រឈឹងត្រឈៃជាទីមនោរម្យ សម្រាប់ជីវិតរស់នៅរបស់ប្រជាសហគមន៍ ដែលពឹងអាស្រ័យមួយផ្នែកលើធនធានធម្មជាតិដ៏មានតម្លៃនេះ។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ដ្រី បានធ្វើការសំណេះសំណាល ជាមួយប្រជាសហគមន៍ ដោយបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចប្រធានរដ្ឋសភា ស្តេចប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំកំពូលមួយចំនួនទៀត មកជូនប្រជាសហគមន៍ទាំងអស់ ហើយសម្តេចបានជូនពរឲ្យជួបតែសេចក្តីសុខ ចម្រើន និងមានសុភមង្គលគ្រប់ៗគ្រួសារ។

លោក វេង សាខុន ក៏បានវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំរដ្ឋបាលព្រៃឈើ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អាជ្ញាធរដែនដី ដែលបានខិតខំ រួមគ្នាបង្កើតសហគមន៍ព្រៃឈើ នេះឡើងបំណងថែរក្សា និងអភិវឌ្ឍព្រៃឈើ ដែលជាសម្បត្តិធម្មជាតិ។

លោកបន្តថា «យើងបង្កើតមកហើយ ដូច្នេះត្រូវតែរួមគ្នាថែរក្សាទាំងព្រៃ និងសុខភាពនៃសេដ្ឋកិច្ចគ្រួសារ សហគមន៍ទាំងក្នុងពេលបច្ចុប្បន្ន និងអនាគត។ ហេតុនេះ អ្វីដែលអាចពង្រឹង និងពង្រីកជីវភាពរបស់ពួកគាត់បាន លុះ ត្រាតែយើងរួមគ្នាអភិវឌ្ឍសហគមន៍នេះ ឲ្យមានការរីកចម្រើន តាមរយៈបង្កើតមុខរបរប្រចាំជីវិត ពង្រីកការងារកសិកម្មចិញ្ចឹមសត្វ (មាន់ និងគោ) និងដាំដំណាំដែលផ្តល់ផលក្នុងរយៈពេលខ្លី និងពេលវែងដូចជាឫស្សីជាដើម»

លោករដ្ឋមន្ដ្រី បានណែនាំឲ្យរដ្ឋបាលព្រៃឈើ និងមន្ទីរ ចុះមកជួយបណ្តុះបណ្តាលការងារបច្ចេកទេសកសិកម្មថ្មីៗបន្ថែមទៀត រួមទាំងការងារគ្រប់គ្រងទូទៅទាំងព្រៃ ការងាររដ្ឋបាល ការងារឥណទាន និងការអភិវឌ្ឍសហគមន៍ ដើម្បីប្រែក្លាយតំបន់នេះឲ្យទៅជាតំបន់អេកូទេសចរណ៍ នាពេលអនាគតដ៏ខ្លី ប្រយោជន៍ទាញយកផលពីព្រៃធម្មជាតិនេះឲ្យអស់សក្តានុពល ឈានទៅបង្កើនចំណូល កាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក។

លោកថា រដ្ឋបាលព្រៃឈើ គួរតែជំរុញការចុះបញ្ចីសហគមន៍ព្រៃឈើ ឲ្យបានច្រើនថែមទៀត ប្រយោជនីដើម្បីគ្រប់គ្រង និងការពារព្រៃឈើ ដែលនៅសេសសល់ ឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ។ ត្រូវធ្វើប្លង់កម្មសិទ្ធិកាន់កាប់ដីព្រៃឈើសហគមន៍ឲ្យបានត្រឹមត្រូវ ចៀសវាងការកាប់ព្រៃទន្រ្ទានកាន់កាប់ដីព្រៃឈើសហគមន៍ដោយខុសច្បាប់៕