(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២១ ខែកក្កដា ២០១៩នេះ លោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញអបអរសាទរ និងជូនដំណើរសាសនិកឥស្លាម១០០នាក់ ចេញដំណើរទៅប្រារព្ធពិធីបុណ្យហាជ្ជសាសនាឥស្លាម នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ។ ការចេញដំណើរនេះ នឹងមានជាបន្តបន្ទាប់ រហូតដល់ដល់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ខណៈមកដល់ពេលនេះ មានអ្នកចេញដំណើរជាង២០០ហើយ។

ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ បានឲ្យដឹងថា ឆ្នាំនេះកម្ពុជាមាន អ្នកទៅធ្វើបុណ្យហាជ្ជីនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត១,២១០នាក់ ចំណាយថវិកាប្រមាណ៤,៨០០,០០០ដុល្លារអាមេរិក។

លោកបន្តថា ឆ្នាំនេះសាសនិកឥស្លាម បានចុះឈ្មោះជិត១,៥០០នាក់ តែដោយការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានអនុគ្រោះដោយបានកំណត់ ដល់ទៅ១,២០០នាក់ ដោយមិនទាន់កំណត់កូតា ហើយបើតាមការកំណត់កូតា កម្ពុជាយើងមានប្រមាណ តែជាង៦០០នាក់ប៉ុណ្ណោះ ហើយរហូតមកដល់ពេលនេះ មានអ្នកទទួលបានទិដ្ឋាការរួចហើយ១,១២០នាក់ នៅសល់តែ៩០នាក់ នៅដោះស្រាយបន្ត។

ទេសរដ្ឋមន្ដ្រី អូស្មា​ន ហាស្សាន់ បានបន្ថែមថា អ្នកដែលទទួលបានការឧបត្ថម្ភ ចំនួន២០នាក់ រួមមាន ស្តេចសាល់ម៉ាន ព្រះមហាក្សត្រ អារ៉ាប៊ីសាអ៊ូឌីត បានឧបត្ថម្ភ១០នាក់ ជាភ្ញៀវរបស់ព្រះអង្គ (ម្នាក់ចំណាយជិត១០,០០០ដុល្លារ) សប្បុរសជនតាមរយៈស្ថានទូត អារ៉ាប់រួមអេមីរ៉ាត៦នាក់, លោក កែវ រតនៈ ២នាក់ និងសមាគមពិភព នៃក្ដីមេត្តា២នាក់។

គួរបញ្ជាក់ថា ការទៅចូលរួមប្រតិបត្តិបុណ្យហាជ្ជ គឺជាកាតព្វកិច្ចទី៥ ក្នុងចំណោមកាតព្វកិច្ចទាំង៥ របស់សាសនាឥស្លាម ដែលជារៀងរាល់ឆ្នាំ សាសនិកឥស្លាម នៅទូទាំងពិភពលោក ពីគ្រប់ទិសទីប្រមាណ៣លានអ្នក អញ្ជើញទៅប្រារព្ធបុណ្យនេះ នៅឯទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត។ នៅឆ្នាំ២០១៩នេះ ពិធីបុណ្យនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី០៩ ខែសីហា រយៈពេលមួយសប្តាហ៍ សម្រាប់អ្នកដែលគ្មានលទ្ធភាព ការទៅធ្វើបុណ្យនេះ មិនជាប់ជាកាតព្វកិច្ចសម្រាប់គេទេ៕