(ព្រះសីហនុ)៖ រសៀល​ថ្ងៃទី​២០​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ថ្មី​ៗ​ នេះ​ លោកឧត្តមសេនីយ៍ទោ ជួន ណា រិន្ទ ស្នងការនគរបាល ខេត្ត​ព្រះសីហនុ ជួប​ប្រជុំ​សំណេះសំណាល ជាមួយ​កងកម្លាំង​អន្តរាគមន៍​ពិសេស​ចំនួន​១២០នាក់​ ព្រម​ទាំង​ចែក​ឯក​សណ្ឋាន​ មាន​សម្លៀក​បំពាក់​បេសកកម្ម​ ស្បែក​ជើង​កែង​ វិទ្យុ​ទាក់ទង​ និង​ប្រគល់​រថយន្ដ​ល្បាត​ សេរី​ថ្មី​ ចំនួន​១០គ្រឿង​ ជូន​ដល់​ កងអន្តរាគមន៌ អធិការ​ដ្ឋាន​ នគរបាល​ក្រុង​ស្រុក​ និង​ ការិយាល័យ​ជំនាញ​ ដើម្បី​ធ្វើ​ជា​មធ្យោបាយ​ បំរើ​ការ​ងារ​ល្បាតនិង កិច្ច​ប្រតិបត្តិ​ការ​ ថែរក្សា​សន្តិសុខ​សណ្តាប់​ធ្នាប់​សង្គម​តាមភូមិសាស្រ្តស្មុកស្មាញ។

ក្នុង​ពិធី​សំណេះសំណាល​ លោក​ឧត្តម​សេនីយ៍​ស្នងការ​ បាន​ផ្តាំផ្ញើ​ឲ្យ​កងកម្លាំង​អន្តរាគមន៍​ពិសេស ត្រូវ​មាន​វិន័យ​ សេចក្តី​ថ្លៃ​ថ្នូរ​ របៀប​រៀប​រយ​ មាន​សីលធម៌​ល្អ​ មាន​ឆន្ទៈ​មោះមុត​ ហើយ​ត្រូវ​ធ្វើការ​ហ្វឹកហាត់​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​ ដើម្បី​ឲ្យ​សុខភាព​មាំមួន​។ យើង​ស៊ូ​បង្ហូរ​ញើស​ ក្នុង​ទី​លាន​ហ្វឹកហាត់​ ប្រសើរ​ជាង​ ការ​បង្ហូរ​ឈាម​ ក្នុង​ពេល​ប្រតិបត្តិ​ការ​ អ្វី​ដែល​ប្រសើរ​បំផុត​នោះ​ គឺ​យើង​ត្រូវ​ចេះ​ការពារ​ខ្លួន​។ ចំពោះ​វិធានការ​ ការពារ​ខ្លួន​ស្របច្បាប់​ ប្អូន​ៗ​បាន​រៀនសូត្រ​រួច​ហើយ​ ដូច​នេះ​ក្នុង​ពេល​ប្រតិបត្តិ​ការ​ ត្រូវ​គោរព​ច្បាប់​ជា​គោល។

ក្នុង​ឱកាសនោះ លោកស្នងការ​បានចែក​ឯកសណ្ឋាន​ បេសកកម្ម​ចំនួន​២៤៦​កំប្លេ​ និង​ស្បែក​ជើង​កវែងចំនួន១២០ វិទ្យុ​ទាក់ទង​ចំនួន​៦០​គ្រឿង​ រថយន្ត​ល្បាត​ចំនួន​១០គ្រឿង​ ក្នុង​នោះ​ ស្រុក​កំពង់​សិលា​ទទួល​បាន​រថយន្ត​១គ្រឿង ព្រៃនប់​១គ្រឿង ស្ទឹង​ហាវ​១គ្រឿង អធិការ​ក្រុង​ព្រះសីហនុ១​គ្រឿង​ កណ្តាល​ព្រហ្មទណ្ឌ​២គ្រឿង​ និង​ កង​អន្តរា​គមន៍​ពិសេស​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ចំនួន​
5គ្រឿង​បន្ថែមទៀត ។

លោកឧត្តម​សេនីយ៍​ទោ​ជួន​ ណារិន្ទ ស្នងការនគរបាលខេត្ត​បាន​បញ្ជាក់​ថា​ ៖ រថយន្ត​ទាំង​១០​គ្រឿង​នេះ​ ជា​អំណោយ​ឧបត្ថម្ភ​ របស់​​នាយឧត្តមសេនីយ៍​សន្តិ​បណ្ឌិត​ នេត​ សាវឿន​ អគ្គស្នងការនគរបាល​ជាតិ​ ដែល​លោក​តែងតែ​គិត​គូរ​យក​ចិត្ត​ទុក​ដាក់​ដល់​កងកម្លាំង​ថ្នាក់​ក្រោម​។

ក្នុង​នោះលោក​ស្នងការ​ បាន​ធ្វើ​បទ​បង្ហាញ​ អំពី​ការ​ប្រើ​ប្រាស់​អាវុធ​ប្រភេទ​ថ្មី​ សំរាប់​ប្រើប្រាស់​ក្នុង​ប្រតិបត្តិ​ការ​ ក្នុង​ករណី​ប្រយុទ្ធ​ទប់​ទល់​ជាមួយ​ឧក្រិដ្ឋ​ជន​ ដូច​ជា​ការ​ចូល​ទៅ​រំដោះ​ចំណាប់​ខ្មាំង​ជា​ដើម​។

ជា​ចុង​ក្រោយ​លោក​ឧត្តម​សេនីយ៍​ស្នងការ​ បាន​ផ្តាំផ្ញើ​ ចំនួន​បីចំណុចបន្ថែម​ទៀត​ ទី​១.សូម​ឲ្យ​ថែ​ទាំ​សុខភាព​ ទី​២.ថែ​ទាំ​សម្ភារៈ​ប្រើប្រាស់​ របស់​អង្គ​ភាព និង​ ទី​៣.ថែរក្សា​ចំណង​សាមគ្គីភាព​ មិត្តភាព​ឲ្យ​បាន​ល្អ។