(ភ្នំពេញ)៖ លោក ថេង សុថុល អភិបាលខណ្ឌចំការមន បានដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យស្ថានភាពច្រាំងទន្លេ ចាប់ពីតំបន់កោះពេជ្រ រហូតក្រោមស្ពានមុនីវង្សចាស់។

ការចុះពិនិត្យច្រាំងទន្លេ ក៏មានការចូលរួមពីមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌ និងអធិការរងខណ្ឌ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ នៅតាមទីតាំងច្រាំងបណ្តោយទន្លេបាសាក់ ក្នុងភូមិសាស្ត្រខណ្ឌចំការមន។

អភិបាលខណ្ឌចំការមនលោក ថេង សុថុល បានប្រាប់ថា ក្នុងដំណើរចុះពិនិត្យច្រាំងទន្លេនៅថ្ងៃនេះមានគោលបំណងរួមមាន៖

*ទី១៖ ពិនិត្យការរំលោភយកច្រាំងទន្លេ
*ទី២៖ ការសាងសង់សំណង់ខុសច្បាប់
*ទី៣៖ ទូកនេសាទ ដែលសំចតប្រមូលផ្តុំនៅកន្លែងតបន់ហាមឃាត់
*ទី៤៖ ពិនិត្យក្រែងមានការបាក់ច្រាំងទន្លេផងដែរ។

នៅក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានបញ្ជាក់ពីចំណាត់ការទប់ស្កាត់ឲ្យទាន់ពេលវេលា រាល់បញ្ហា ដែលរំលោភយកច្រាំងទន្លេដោយខុសច្បាប់ពីជនខិលខូចមួយចំនួន។

គួរបញ្ជាក់ថា អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ក្នុងកិច្ចប្រជុំថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ បានណែនាំឲ្យពិនិត្យការដ្ឋានសាងសង់ ការចាក់ដីបំពេញ ការបូមខ្សាច់ គ្មានច្បាប់អនុញ្ញាត និងបានបញ្ជាឲ្យអភិបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ត្រូវទប់ស្កាត់រាល់សំណង់ខុសច្បាប់៕