(ភ្នំពេញ)៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បានទទួលជនជាតិអូស្ត្រលី ចំនួន០៣នាក់ ពីកម្លាំងនគរបាលរដ្ឋបាល ប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន ក្រោយពួកគេត្រូវបានចាប់ខ្លួន ពីបទផឹកស្រាស្រវឹងដោះអាវធ្វើឲ្យបាត់សណ្ដាប់ធ្នាប់ កាលពីល្ងាចថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសទី១៖ ឈ្មោះ MOCLAIR BLAKE AARON អាយុ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខPB1244230, ទី២៖ឈ្មោះ RUDOLF JOSHUA PAUL អាយុ២៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខPA3141861 និងទី៣៖ឈ្មោះ DE RITO CHRISTOPHER BASILIO អាយុ២៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខPA9721738។ ពួកគេស្នាក់នៅផ្ទះសំណាក់ MADE MONKEY ផ្លូវលេខ៣០២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្ថែមថា មុនពួកគេចូលមកប្រទេសកម្ពុជា ពួកគេបានស្នាក់នៅខេត្តភូកេត ប្រទេសថៃ រយៈពេល១ខែ ហើយមូលហេតុដែលរូបគេដោះអាវ ដោយសារផឹកស្រាស្រវឹង ពុំបានដឹងថាខុសច្បាប់នៅប្រទេសកម្ពុជា។ បន្ទាប់ពីបញ្ចប់ការសួរនាំ ពួកគេបានធ្វើកិច្ចសន្យាសុំទោសនៅមុខសមត្ថកិច្ច មិនធ្វើទង្វើដូចនេះទៀតទេ និងគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕