(ភ្នំពេញ)៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចាត់ទុកថា ការទទួលមរណភាពរបស់ឧត្តមសេនីយ៍ឯក អ៊ុល ណាវី គឺជាការបាត់បង់ស្វាមី ឪពុក និងជីតា ដែលប្រកបដោយព្រហ្មវិហារធម៌ និងជាការបាត់បង់ធនធានមនុស្សមួយរូបដ៏ល្អឆ្នើម ក្នុងកងយោធពលខេមរភូមិន ដែលហ៊ានបូជាសាច់ស្រស់ ឈាមស្រស់ក្នុងបុព្វហេតុជាតិ និងប្រជាជននៅគ្រប់ដំណាក់កាលនៃប្រវត្តិសាស្ដ្រ។

តាមរយៈសាររំលែកទុក្ខផ្ញើជូន លោកស្រី រឿន សុថាន្នី ភរិយាឧត្តមសេនីយ៍ឯក អ៊ុល ណាវី, នាយឧត្តមសេនីយ៍ វង្ស ពិសេន និងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ មានក្ដីក្ដុកក្ដួលរន្ធត់ចិត្តឥតឧបមាដោយទទួលដំណឹងដ៏ក្រៀមក្រអំពី លោកឧត្តមសេនីយ៍ឯក អ៊ុល ណាវី នាយរងសេនាធិការចម្រុះ មេបញ្ជាការ បញ្ជាការដ្ឋានការពារអាកាស អគ្គបញ្ជាការ ដែលបានទទួលមរណភាពកាលពីរសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងជន្មាយុ៦៣ឆ្នាំ ដោយរោគាពាធ។

នាយឧត្តមសេនីយ៍ វង្ស ពិសេន និងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន នៃអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ តាមរយៈលិខិតរំលែកទុក្ខ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ បានសម្ដែងនូវទុក្ខដ៏មហាធំធេង ពោរពេញដោយក្ដីសោកស្ដាយស្រណោះអាឡោះអាល័យ និងសូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ ដោយក្ដីសង្វេតជាទីបំផុត៕