(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បូកសរុបលទ្ធផលការងារឆ្នាំ២០១៨-២០១៩ និងលើកទិសដៅបន្តរបស់ យុវជនកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ និងបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញប្រមាណ ៣,៨០០នាក់។

ក្នុងពិធីដ៏មហោឡារឹកអធិកអធមនេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា, ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, ប្រធានកាយរឹទ្ធិជាតិកម្ពុជា, ថ្នាក់ដឹកនាំជាន់ខ្ពស់កាកបាទក្រហមកម្ពុជា, ប្រធានបេសកកម្មគណៈកម្មាធិការអន្តរជាតិ កាកបាទក្រហមប្រចាំកម្ពុជា, អ្នកសម្របសម្រួលកម្មវិធីរបស់សហព័ន្ធប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំកាកបាទក្រហកម្ពុជាមកពីតាមសាខានានា ភ្ញៀវកិត្តិយស និងយុវជនកាកបាទក្រហមជាច្រើនរូបផ្សេងទៀត។

លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានថ្លែងថា វត្តមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ជាការផ្តល់នូវកិត្តិយស និងជាការលើកទឹកចិត្តដ៏ធំធេងដល់សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ។
ជាពិសេសយុវជនកាកបាទក្រហមទាំងអស់ ដែលត្រូវបំពាក់ឯកសណ្ឋានក្នុងថ្ងៃនេះ ដើម្បីបន្តខិតខំប្រឹងប្រែងបំពេញបេសកកម្មរបស់ខ្លួន ឱ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ក្នុងបុព្វហេតុរួមចំណែកក្នុងវិស័យមនុស្សធម៌ ការជួយសង្គ្រោះជីវិតមនុស្ស ការដោះស្រាយភាពខ្វះខាត និងទុក្ខលំបាករបស់ជនរងគ្រោះ និងជនងាយរងគ្រោះ ក្នុងន័យជួយពន្លឿនការកាត់បន្ថយអត្រាភាពក្រីក្រ អភិវឌ្ឍន៍សហគមន៍ និងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ ឱ្យកាន់តែមានភាពប្រសើរឡើង។

យុវជនកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ បានបង្កើតឡើងនៅឆ្នាំ២០០៤ ដែលមានយុវជនកាកបាទក្រហមប្រមាណ ៨៦០នាក់ (នារី ៣៩៩ នាក់)។ នៅឆ្នាំ២០១៩ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានពង្រីកសមាជិកយុវជនថ្មីចំនួន ៣,០០០នាក់ មកពី ២៧វិទ្យាល័យគោលដៅ ដែលជារួមបច្ចុប្បន្ន សាខាមាន យុវជនកាកបាទក្រហមកម្ពុជាមានចំនួនប្រមាណ ៤,០៤២ នាក់ (នារី ២,០៥០នាក់)។ យុវជនកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ បានចូលរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុមនុស្សធម៌។

អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងឆ្នាំកន្លងទៅនេះយុវជនកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ នៃគ្រឹះស្ថានសិក្សាទាំង២៧ បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍, ចូលរួមផ្តល់ការបណ្តុះបណ្តាលជំនាញសង្គ្រោះបឋម, ជួយសង្គ្រោះសិស្សានុសិស្ស និងប្រជាពលរដ្ឋ និងចូលរួមធ្វើយុទ្ធនាការបំផុសឱ្យមានការបរិច្ចាគឈាមជាដើម។

លោក ឃួង ស្រេង បានលើកឡើងថា សមិទ្ធផលការងារយុវជន ដែលសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ សម្រេចបាននាពេលកន្លងមក មិនអាចកាត់ផ្តាច់ពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន និងការប្តេជ្ញាចិត្តខ្ពស់របស់គណៈកិត្តិយស គណៈកម្មាធិការសាខា-អនុសាខា ក្រុមប្រតិបត្តិគ្រប់លំដាប់ថ្នាក់ ទីប្រឹក្សាយុវជន អ្នកស្ម័គ្រចិត្ត និងក្មួយៗយុវជនកាកបាទក្រហមកម្ពុជាទាំងអស់ ដែលបានលះបង់ទាំងពេលវេលា កម្លាំងកាយ និងប្រាជ្ញាស្មារតី ក្នុងការចូលរួមគ្រប់សកម្មភាពមនុស្សធម៌ និងជាការបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់ លើកកម្ពស់ គាំពារ ថែរក្សា និងផ្តល់តម្លៃរបស់មនុស្សជាតិ ស្របតាមគោលការណ៍គ្រឹះទាំង ៧ របស់ចលនាអន្តរជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម «ភាពមនុស្សធម៌ ភាពមិនលម្អៀង អព្យាក្រឹត្យភាពឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត សកលភាព»

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍លើកឡើងថា ពិធីបូកសរុបលទ្ធផលការងារយុវជនកាកបាទក្រហមកម្ពុជា សាខារាជធានីភ្នំពេញ ឆ្នាំ២០១៨-២០១៩ និងទិសដៅអនុវត្តបន្ត ពិតជាមានសារៈសំខាន់ណាស់ សម្រាប់កាកបាទក្រហមកម្ពុជា ក្នុងការប្រមូលផ្តុំចងក្រងស្នាដៃការងារយុវជន និង លទ្ធផលជារួមរបស់សមាគមជាតិ ក្នុងការពង្រឹង និងពង្រីកបណ្តាញយុវជនកាកបាទក្រហមកម្ពុជា ដ៏អង់អាចក្លាហាន បំពេញការងារមនុស្សធម៌ ប្រកបដោយគុណធម៌ ជាគំរូគេនៅក្នុងសកម្មភាព មិត្តអប់រំមិត្ត ធ្វើឱ្យមានការផ្លាស់ប្តូរ ឥរិយាបទជាវិជ្ជមានក្នុងសហគមន៍ តាមគ្រឹះស្ថានសិក្សា និងជាគំរូគេ ក្នុងសកម្មភាពមិត្តជួយមិត្ត ពង្រឹងសាមគ្គីភាព ចែករំលែកសេចក្តីស្រឡាញ់ជាមួយអ្នករងគ្រោះ និង ងាយរងគ្រោះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានគូសបញ្ជាក់ផងដែរថា ការរៀបចំឱ្យមានការបំពាក់កន្សែងយុវជនកាកបាទក្រហមកម្ពុជានាឱកាសនេះ គឺជាសក្ខីកម្មមួយទៀត នៃការខិតខំប្រឹងប្រែងពង្រឹង-ពង្រីកកម្លាំងយុវជន និងជាឱកាសដ៏ប្រសើរបំផុតក្នុងការ ប្រកាសបំពេញសិទ្ធិជូនក្មួយៗយុវជនកាកបាទក្រហមកម្ពុជា ឱ្យសក្តិសមជាធនធានមនុស្សប្រកបដោយគុណភាព និង សមត្ថភាពរបស់កាកបាទក្រហមកម្ពុជា និង ចលនាអន្តរជាតិកាកបាទក្រហម-អឌ្ឍចន្ទក្រហម នាពេលបច្ចុប្បន្ន និង ទៅអនាគត។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានសម្តែងនូវមោទនភាពផងដែរ ចំពោះលទ្ធផលការងារ និងទិសដៅអនុវត្តបន្តរបស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាមួយនឹងក្តីសង្ឃឹមជឿជាក់ថា សាខានឹងបន្តយកចិត្តទុកដាក់ជំរុញបន្ថែមទៀតនូវការងារយុវជនកាកបាទក្រហម ឱ្យកាន់តែរឹងមាំ ខ្លាំងក្លា ដើម្បីឱ្យយុវជនក្លាយជាកម្លាំងបច្ចុប្បន្ន និង អនាគតរបស់កាកបាទក្រហមកម្ពុជា និងប្រទេសជាតិ។

នៅក្នុងបរិការណ៍កាកបាទក្រហមកម្ពុជា យុវជន គឺជា «ភ្នាក់ងារនៃការផ្លាស់ប្តូរឥរិយាបថ ជាវិជ្ជមាននៅក្នុងសហគមន៍» សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏បានចែករំលែកនូវអនុសាសន៍ចំនួន៧ផងដែរ ដើម្បីឱ្យយុវជនកាកបាទក្រហមកម្ពុជា បានចូលរួមកាន់តែទូលំទូលាយ និង ធ្វើសកម្មភាពកាន់តែប្រសើរឡើង ប្រកបដោយប្រសិទ្ធភាព ក្នុងការផ្តល់សេវាកម្មមនុស្សធម៌ ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ឱ្យបានទាន់ពេលវេលានៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។ អនុសាសន៍ទាំង៧នោះរួមមាន៖

ទី១៖ ត្រូវរួមគ្នាបន្តពង្រឹង និងពង្រីកកម្លាំងយុវជនកាកបាទក្រហមកម្ពុជា តាមលទ្ធភាពជាក់ស្តែងរបស់សាខានីមួយៗ តាមរយៈការពង្រឹងសមត្ថភាពយុវជន ការផ្តល់ឱកាសស្វ័យភាព ការគ្រប់គ្រងសកម្មភាពការងារបណ្តុះបណ្តាលមុខជំនាញ ដើម្បីចូលរួមសកម្មភាពត្រៀមបង្ការទៅនឹងគ្រោះមហន្តរាយ ការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ការបរិច្ចាគឈាម ការសម្អាតបរិស្ថាន និង ការដាំដើមឈើឱ្យបានច្រើន ដើម្បីបង្កើតបរិស្ថានឱ្យបានកាន់តែល្អប្រសើរ សម្រាប់សង្គមជាតិ ។

ទី២៖ ត្រូវរួមគ្នាបន្តពង្រឹងសកម្មភាព មិត្តអប់រំមិត្ត មិត្តជួយមិត្ត នៅគ្រប់ក្លិបយុវជនកាកបាទក្រហមកម្ពុជា តាមរយៈការជួយឧបត្ថម្ភគាំទ្រដល់សិស្ស-និស្សិត ដែលមានជីវភាពលំបាកក្នុងការសិក្សា និង ការរស់នៅប្រចាំថ្ងៃ នៅតាមសាលា និង សាកលវិទ្យាល័យ ប្រកបដោយប្រសិទ្ធភាព ត្រូវរួមចំណែកផ្តល់ចំណេះដឹង ស្តីពី វិជ្ជាសង្គ្រោះបឋម ការថែទាំអនាម័យ និង សុខភាព ការការពារជំងឺឆ្លង ជំងឺមិនឆ្លងក្នុងសហគមន៍ ត្រូវជួយផ្សព្វផ្សាយអប់រំសុខភាពក្នុងគ្រាអាសន្ន នៅតាមសាខាទាំង២៥ រាជធានី-ខេត្ត ។

ទី៣៖ ត្រូវរួមគ្នាបន្តពង្រឹងយន្តការគ្រប់គ្រងយុវជនកាកបាទក្រហមកម្ពុជា ដែលមានស្រាប់តាមរយៈការផ្តល់បណ្ណសម្គាល់ខ្លួនដល់យុវជន និង ការពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ និង អន្តរជាតិ តាមរយៈការធ្វើទស្សនកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍ សិក្ខាសាលា វេទិកាយុវជន និង វគ្គបណ្តុះបណ្តាលនានា ដើម្បីធានាសុខដុមនីយកម្ម និង រឹតចំណងមិត្តភាព សាមគ្គីភាព ក្នុងចំណោមយុវជនទាំងក្នុងក្របខណ្ឌជាតិ តំបន់ និង អន្តរជាតិ។

ទី៤៖ ត្រូវបន្តឱ្យមានវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ដល់យុវជន រួមទាំងការបន្តផ្សព្វផ្សាយនូវសេចក្តីណែនាំនានា របស់កាកបាទក្រហមកម្ពុជា ឱ្យបានប្រកបដោយប្រសិទ្ធភាព និង ទូលំទូលាយ ដើម្បីងាយស្រួលក្នុងការបំពេញសកម្មភាពមនុស្សធម៌ នៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។

ទី៥៖ ត្រូវបន្តបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត ជាពិសេសការលើកទឹកចិត្តយុវជនឱ្យចូលរួមជាកម្លាំងស្ម័គ្រចិត្ត ដើម្បីធានាបាននូវវឌ្ឍនភាព និងចីរភាពនៃកម្លាំងមនុស្សធម៌វ័យក្មេងសម្រាប់បន្តវេនក្នុងសកម្មភាពជួយសហគមន៍ នៅគ្រប់រាជធានី-ខេត្ត។

ទី៦៖ ត្រូវបន្តពង្រឹងសាមគ្គីភាព មិត្តភាព និងការចេះជួយគ្នាទៅវិញទៅមក ជាមួយអង្គការយុវជននានា និងបណ្តាញយុវជននៅគ្រប់ជំនាន់ ដោយមិនត្រូវមើលស្រាលអ្នកដទៃ និងការបែងចែកប្រកាន់បក្សពួក ដែលអាចធ្វើឱ្យបែកបាក់សាមគ្គីភាព នៅក្នុងចំណោមយុវជនកាកបាទក្រហមកម្ពុជា។

ទី៧៖ យុវជនកាកបាទក្រហមកម្ពុជាទាំងអស់ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ នៅពេលបំពេញភារកិច្ចរបស់ខ្លួន ក្មួយៗត្រូវផ្សារភ្ជាប់ចំណេះវិជ្ជារបស់ក្មួយៗ ដែលមានស្រាប់ទៅនឹងការអនុវត្ត និង ការសិក្សាជំនាញថ្មីៗ ដែលទើបទទួលបាន ដើម្បីក្មួយៗអាចជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះ នៅក្នុងសហគមន៍ បានទាន់ពេលវេលា និង ប្រកបដោយប្រសិទ្ធភាព៕